តម្លៃនៃការនាំចូលសម្លៀកបំពាក់ពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះនៅក្នុងខែឧសភា ដល់កម្រិតទាបបំផុតប្រចាំខែរបស់ខ្លួនរយៈពេល ២២ឆ្នាំ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយ ដែលបង្ហាញពីផលប៉ះពាល់អវិជ្ជមានពីពន្ធដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននាំចូលសម្លៀកបំពាក់មានតម្លៃ ៥៥៦លានដុល្លារ ពីប្រទេសចិន ក្នុងខែឧសភា ដោយធ្លាក់ចុះពីតួលេខ ៧៩៦លានដុល្លារ ក្នុងខែមេសា និងជាការធ្លាក់ចុះរយៈពេល ៤ខែជាប់ៗគ្នា។ ការនាំចូលប្រចាំខែទាបបំផុតលើកចុងក្រោយគឺនៅខែឧសភា កាលឆ្នាំ២០០៣។
លោក Sheng Lu សាស្ត្រាចារ្យផ្នែកម៉ូដ និងការសិក្សាសម្លៀកបំពាក់នៅសាកលវិទ្យាល័យ Delaware បាននិយាយថា "ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចូលសម្លៀកបំពាក់របស់អាមេរិកពីប្រទេសចិន ក្នុងខែឧសភា ឆ្នាំ២០២៥នេះ គឺជារឿងធម្មតាប៉ុណ្ណោះដោយសារតែពន្ធ"។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចិនជាអ្នកនាំចេញសម្លៀកបំពាក់ដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែចំណែកទីផ្សារសម្លៀកបំពាក់របស់ខ្លួននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរមានភាពរកាំរកូស៕

