សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្ដែងការព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដោយសារការប្រើប្រាស់ទឹកម៉ែត្រគីបមានភាពមិនប្រក្រតី របស់ក្រុមមួយឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគម ខេត្ដសៀមរាប។
ពលរដ្ឋមួយរូបលោក លីវ ឡូញ នៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម បានឱ្យដឹងកាលពីថ្ងៃទី ៤ខែមករាឆ្នាំ២០២២នេះថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគមនោះ មិនទឹកស្អាតដូចឈ្មោះក្រុមហ៊ុននោះទេ ព្រោះការលក់ទឹកស្អាត មិនអាចដាំបាយ ឬហូបបាន ដោយសារមានក្លិនមិនល្អ និងមានកករក្នុងទឹក។
លោកថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជា វ៉េង លក់ទឹកក្នុងតម្លៃមួយម៉ែត្រគីប៣០០០រៀល និងគិតតម្លៃថែទាំនាឡិកាក្នុងមួយខែ១៥០០រៀលទៀត។ ជាមួយគ្នានោះ កុងទ័រគីឡូទឹក ក៏ដើរលឿនខុសប្រក្រតី ខណៈដែលរូបគាត់មិនបានប្រើទឹក ក៏ក្រុមហ៊ុននោះគិតថ្លៃទឹកក្នុងមួយខែចំនួន ២ម៉ែត្រគីបផងដែរ ។
លោក បានបន្ដថា លោកប្រើប្រាស់ទឹករបស់ក្រុមហ៊ុននោះ ជាច្រើនឆ្នាំទាំងលំបាក និងព្រួយបារម្ភពីសុខភាព ដោយសារទីនោះគ្មានបណ្ដាញក្រុមហ៊ុនទឹកស្អាតផ្សេងទៀត ចូលដល់ផ្ទះលោកបាន ។
ប្រជាពលរដ្ឋពីររូបទៀតនៅឃុំដំដែក បានឱ្យដឹងស្រដៀងគ្នាដែរថា ទឹកស្អាតរបស់ក្រុមហ៊ុនលោកជា វ៉េង មិនអាចដាំបាយ ឬហូបបាននោះទេ ដោយសារទឹកនោះមានក្លឹនមិនល្អ គឺបានប្រើប្រាស់ទៅលើការបោកសំលៀកបំពាក់ លាងចានឆ្នាំង និងលាងបន្លែឬស្រោចដំណាំប៉ុណ្ណោះ ហើយមានពេលខ្លះទឹកស្អាតនោះស្រោចដំណាំក៏មានផលប៉ះពាល់ដល់រុក្ខជាតិផងដែរ។
ពួកគាត់បានបន្ដថា ការផ្គត់ផ្គង់ទឹកស្អាតក៏មិនអាចប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំងដាច់ទឹក។ ពួកគាត់ចង់ឱ្យមានក្រុមហ៊ុនទឹកច្រើន ដើម្បីងាយស្រួលបំរើដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ និងទឹកមានគុណភាពល្អ និងតម្លៃថោក ខណៈដែលអ្នកភូមិមួយចំនួនជីកអណ្ដូងមិនចេញទឹក។
ទាក់ទងករណីនេះ BTV ព្យាយាមទាក់ទងលោក ជា វ៉េង ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គត់ទឹកស្អាតសូទ្រនិគមជាច្រើនលើក ប៉ុន្ដែលោក ជា វ៉េង ឆ្លើយថាច្រឡំលេខទូរស័ព្ទ។
ប៉ុន្ដែលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម លោកមានប្រសាសន៍ថា លោក ជា វ៉េង ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគម និងជាប្រធានសមាគមទឹកស្អាតទូទាំងប្រទេស។លោកមិនជឿទៅលើប្រជាពលរដ្ឋប្រាប់ថា ទឹកនោះមិនល្អនោះទេ ព្រោះក្រុមហ៊ុនទឹកស្អាតនោះ បានពិនិត្យត្រឹមត្រូវតាមបច្ចេកទេស ដែលថា ប្រជាពលរដ្ឋគ្រាន់តែបំភ្លៃព័ត៌មាននោះទេ។
លោក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធស្រុកបានគិតគូរដល់សុខភាពប្រជាពលរដ្ឋ ដោយមិនឱ្យមានបញ្ហាមិនប្រក្រតីពីទឹកស្អាតកើតឡើងនោះទេ។ លោកមិនចង់ឱ្យផ្សាយពីការសម្ភាសន៍ប្រជាពលរដ្ឋនោះទេ។
ទោះយ៉ាងណា ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប មានអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ចំនួន២អាជីវកម្ម ក្នុងនោះរួមមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគមរសប់លោក ជា វ៉េង និងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់លោក អ៊ុង ស៊ីនួន និងលោក ប៉ូ ស៊ីណា៕






