នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ទីក្រុង កាលពីល្ងាចថ្ងៃពុធ (ទី៩ ខែកក្កដា) បានឲ្យដឹងថា កម្មកររហូតដល់ទៅ ១៥នាក់ ត្រូវបានជាប់នៅខាងក្នុងរូងក្រោមដី បន្ទាប់ពីមានការបាក់រលំផ្លូវឧស្សាហកម្មនោះ នៅក្នុងតំបន់ Wilmington នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។

តែយ៉ាងណាក្ដី បើយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ Los Angeles (LAFD) បានឲ្យដឹងថា មិនមានការរងរបួសណាមួយ ត្រូវបានបញ្ជាក់នោះឡើយ។
LAFD បានបញ្ជាក់ថា ការបាក់រលំនេះបានកើតឡើងនៅចម្ងាយប្រហែល ៦ម៉ាយល៍ (១០គីឡូម៉ែត្រ) ភាគខាងត្បូងនៃច្រកចូលតែមួយគត់របស់ផ្លូវរូងក្រោមដីនេះ ដោយបានបន្ថែមថា អ្នកឆ្លើយតបច្រើនជាង ១០០នាក់ ត្រូវបានចាត់តាំងឲ្យទៅកាន់កន្លែងកើតហេតុនេះ។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X អភិបាលក្រុង លោកស្រី Karen Bass បានឲ្យដឹងថា៖ «ទីក្រុង Los Angeles បានប្រមូលគ្រប់ធនធានទៅកាន់កន្លែងបាក់រលំផ្លូវរូងក្រោមដីនៅតំបន់ Wilmington នោះ»៕


