រូបភាពវីដេអូឃ្លីមលើបណ្តាញព័ត៌មានសង្គម បង្ហាញតាមរយៈទូរទស្សន៍រដ្ឋចិន CCTV ឃើញទឹកហូរខ្លាំងបានហូរនាំយកទៅរថយន្តជាច្រើនគ្រឿងនៅខេត្ត Shaanxi ប្រទេសចិន ខណៈដែលទីភ្នាក់ងារឧតុនិយមក្នុងស្រុក បានចេញសេចក្តីប្រកាសអាសន្នពីទឹកជំនន់កាលពីថ្ងៃពុធ ។

នៅខេត្តភាគនិរតី Sichuan ភ្លៀងធ្លាក់កម្ពស់ ២១៨មីលីម៉ែត្រ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង បង្កឲ្យកើតមានទឹកជំនន់ដ៏គំហុកលិចផ្ទះសម្បែងប្រជាពលរដ្ឋ ហើយនិងបង្ខំឲ្យអ្នកស្រុក ៤៤៦នាក់ ជម្លៀសខ្លួនចេញ ។
នៅខេត្តក្បែរគ្នា Chongqing ទឹកទន្លេ Sunxបានផ្ទុះច្រាំង បណ្តាលឲ្យជន់លិចទីក្រុងជាច្រើន ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២របស់ពិភពលោកមួយនេះ ប្រឈមនឹងការគំរាមកំហែងកើនឡើងពីអាកាសធាតុអាក្រក់ ដែលក្រុមឧតុនិយមអះអាងថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
ជារៀងរាល់ឆ្នាំ ផលប៉ះពាល់នេះគំរាមកំហែងដល់សកម្មភាពពាណិជ្ចកម្មតម្លៃរាប់ពាន់លានដុល្លារ រួមទាំងការបាត់បង់អាយុជីវិតមនុស្ស ៕
