ក្រុមឧទ្ទាមហ៊ូធីយេម៉ែន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានវាយប្រហារអាកាសយានដ្ឋាន Ben Gurionរបស់អ៊ីស្រាអែលស្ថិតនៅជិតទីក្រុងតែល អាវីវ ដោយប្រើប្រាស់មីស៊ីលបាលីស្ទិក ខណៈយោធាអ៊ីស្រាអែលនិយាយថា មីស៊ីលជាច្រើនបាញ់ចេញពីយេម៉ែន ត្រូវបានស្កាត់ជាប់ ក្រោយស៊ីរ៉ែនវាយឆ្មក់តាមច្រកអាកាសបន្លឺឡើងនៅតាមតំបន់ជាច្រើននៅក្នុងប្រទេស ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់មានមនុស្សរស់នៅច្រើនបំផុតរបស់យេម៉ែន បានវាយប្រហារអ៊ីស្រាអែល និងវាយប្រហារផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម ។
ក្រុមហ៊ូធី និយាយម្តងហើយម្តងទៀតថា ការវាយប្រហាររបស់ពួកគេ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ជាទីដែលយោធាអ៊ីស្រាអែលបើកការវាយប្រហារចាប់តាំងពីចុងឆ្នាំ ២០២៣រហូតមក ដោយបានសម្លាប់មនុស្សជាង ៥៧.៧០០នាក់ ។
នាវាចរណ៍ឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងរបស់ពិភពលោក បានធ្លាក់ចុះ ចាប់តាំងពីក្រុមជីវពលហ៊ូធី ចាប់ផ្តើមមានគោលដៅលើនាវា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ក្រុមហ៊ូធី បាននិយាយកាលពីខែឧសភាថា ពួកគេនឹងបិទដែនអាកាសគ្រប់ជ្រុងជ្រោយលើអ៊ីស្រាអែល ដោយមានគោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ពួកគេ ៕