រដ្ឋមន្រ្តីទទួលកិច្ចការសេដ្ឋកិច្ចហ្វីលីពីនលោក Frederick Go និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកព្រួយបារម្ភពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទារពន្ធ ២០ភាគរយលើការនាំចេញរបស់ហ្វីលីពីន ប៉ុន្តែពួកយើងនឹងបន្តចរចា ដើម្បីស្វែងរកដំណោះស្រាយ ។
លោក Go និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ហ្វីលីពីននៅតែប្តេជ្ញាចិត្តចំពោះការជជែកចរចា ជាមួយសហរដ្ឋអាមេរិក ក្នុងការតាមរកកិច្ចព្រមព្រៀងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
លោក Go និយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តចរចាជាមួយសហរដ្ឋអាមេរិក ដោយជឿជាក់ថានឹងប្រមាញ់បានកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីគ្រប់ជ្រុងជ្រោយ ឬបើមានលទ្ធភាព គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

លោកបន្តថា ហ្វីលីពីននឹងបន្តតាមរកកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗ ដើម្បីធានាថាប្រទេសរបស់ពួកយើងនៅតែជាទីផ្សារប្រកួតប្រជែង និងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀតជាមួយប្រទេសដទៃ ដើម្បីធ្វើពិពិធកម្ម និងពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន ។
ក្រុមមន្រ្តីហ្វីលីន នឹងធ្វើដំណើរទៅជួបសមភាគីសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ មុនពេលអត្រាពន្ធចូលជាធរមាននៅថ្ងៃទី ១ ខែសីហាខាងមុខនេះ ។
ដោយឡែក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកលោក Jose Manuel Romualdez និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ហ្វីលីពីន នឹងស្វែងរកការបន្ទាបអត្រាពន្ធ ដែលនៅស្ថិតក្នុងចំណោមពន្ធបដិការទាបជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ៕
