សារព័ត៌មានរដ្ឋរាយការណ៍ថា កម្រិតទឹកនៅតាមទន្លេចំនួន ២៥ក្នុងតំបន់ភាគនិរតីប្រទេសចិន បានឡើងហួសកម្រិតសុវត្ថិភាពនាថ្ងៃព្រហស្បតិ៍នេះ ក្រោយមនុស្សជាង ១ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ពេលដែលចំហាយព្យុះ Danas ធ្វើឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅតំបន់អាស៊ីបូព៌ា ។
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ដែលក្រុមព្យាករឧតុនិយមនិយាយថាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បានក្លាយជាការងារប្រឈមដ៏ធំមួយ ពេលដែលវាគំរាមកំហែងធ្វើឲ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន និងបង្កភាពវឹកវរដល់វិស័យកសិកម្មតម្លៃ ២,៨សែនកោដិដុល្លារនៅចិន ។
សារព័ត៌មានរដ្ឋ Beijing Daily រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុងប៉េកាំងផងដែរ ក្នុងនោះខណ្ឌ Chaoyang មានភ្លៀងធ្លាក់កម្ពស់ ៦៨,២មីលីម៉ែត្រ ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ដោយលើកប្រភពពីក្រសួងធនធានទឹកថា ទន្លេភាគនិរតីចំនួន ១០ រួមទាំងទន្លេ Longyan ដែលហូរឆ្លងកាត់តំបន់មានមនុស្សរស់នៅច្រើនកុះករ Chongqing អាចនឹងផ្ទុះច្រាំងនៅពេលណាមួយ ។
ពួកគេបន្តថា ទន្លេនៅសល់ចំនួន ១៥ទៀត ឡើងហួសកម្រិតប្រកាសអាសន្ន ដែលអាចនឹងផ្ទុះច្រាំងដូចគ្នា ប៉ុន្តែប្រឈមហានិភ័យតិចជាង ។
ក្រុមព្យាករឧតុនិយម និយាយទៀតថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង ២៤ម៉ោងកន្លងមកនេះ បានធ្វើឲ្យកម្រិតទឹកនៅទន្លេ Chishui ស្ថិតក្នុងខេត្ត Guizhou ឡើងខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩៥៣ ស្របពេលដែលទឹកទន្លេ Xiaocao ស្ថិតក្នុងខេត្ត Sichuan ឡើងដលកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ឆ្នាំ ៕