ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រកាសកាលថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ថា អ៊ីស្រាអែល និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើ "ជំហានសំខាន់ៗ" ដើម្បីបង្កើនលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប "ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ"។

រដ្ឋមន្ត្រីការបរទេស លោក Gideon Sa'ar បានបញ្ជាក់ពីការឯកភាពគ្នានេះ ដោយនិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខបានសម្រេចចិត្តកាលពីថ្ងៃអាទិត្យសប្តាហ៍មុនរួចមកហើយលើវិធានការ "កែលម្អស្ថានភាពមនុស្សធម៌នៅហ្កាហ្សា" រួមទាំង "រថយន្តដឹកទំនិញជាច្រើនទៀត ច្រកឆ្លងកាត់កាន់តែច្រើន និងបណ្ដាផ្លូវកាន់តែធំសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌”។
សេចក្ដីប្រកាសដោយលោក Sa'ar និងលោកស្រី Kallas នេះបានបញ្ជាក់របាយការណ៍មុនដោយសារព័ត៌មាន Bloomberg ដែលបាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើការបើកច្រករបៀងជំនួយជាច្រើនខ្សែ រួមទាំងផ្លូវមនុស្សធម៌ឆ្លងកាត់អេហ្ស៊ីប និងហ្ស៊កដានី និងចំណុចឆ្លងកាត់មួយចំនួនទៀតនៅភាគខាងជើង និងខាងត្បូងហ្កាហ្សា។
ចាប់តាំងពីចុងខែឧសភាមក អ៊ីស្រាអែលបានប្រគល់សិទ្ធិអំណាចលើការចែកចាយជំនួយហ្កាហ្សា ទៅឱ្យមូលនិធិមនុស្សធម៌ហ្កាហ្សា GHF ដែលគាំទ្រដោយអ៊ីស្រាអែលខ្លួនឯងផ្ទាល់ និងសហរដ្ឋអាមេរិកផងដែរ ក្នុងកិច្ចប្រឹងប្រែងដើម្បីការពារការផ្គត់ផ្គង់ជំនួយមិនឱ្យទៅដល់ដៃក្រុមហាម៉ាស។ ប្រតិបត្តិការរបស់ GHF ត្រូវរិះគន់យ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិចំពោះបរាជ័យក្នុងការដោះស្រាយតម្រូវការមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា៕


