ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងយុត្តិធម៌កម្ពុជា ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការបង្កើតច្បាប់ ស្តីពីការដកសញ្ជាតិ គឺធ្វើឡើងដើម្បីបន្សុទ្ធសារតីជនជាតិខ្មែរឲ្យស្មោះស្ម័គ្រ និងស្រលាញ់ប្រ ទេសជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត ពុំមែនធ្វើឡើងដើម្បីក្រោមលេសនយោបាយ ដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ការបង្កើតច្បាប់ស្តីពីការដកសញ្ជាតិនេះ គឺអនុវត្ត ចំពោះជនណាដែលគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិសាសន៍ឯងប៉ុណ្ណោះ ហើយ បើជនណាមិនក្បត់ជាតិសូមកុំព្រួយបារម្ភ និងភ័យខ្លាចឲ្យសោះ ខណៈច្បាប់នេះ នឹងលេចចេញជាធរមាននា ពេលឆាប់ៗខាងមុនេះ។
ទាក់ទងនឹងច្បាប់ ស្តីពីការដកសញ្ជាតិនេះ ឯកឧត្តម គើត រិទ្ធ ក៏បានឲ្យដឹងផងដែរថា នៅបណ្ដាប្រទេសចំនួន១៥០ នៅលើពិភពលោក ក៏មានច្បាប់ស្តីពីការដកសញ្ជាតិនេះដែរ ដូចជាប្រទេសអាមេរិក បារាំង អូស្ត្រាលី អាលីម៉ង់ ការ៉េខាងត្បូង ឥណ្ឌា សិង្ហបូរី និងប្រទេសនៅក្នុងតំបន់អឺរ៉ុបជាច្រើនទៀត រួមទាំង ប្រទេសនៅក្នុងតំបន់អាស៊ាននេះផងដែរ ដោយសុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិជាដើមនោះ។
ជាមួយគ្នានោះដែរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានឆ្លើយតបចំ ពោះក្រុមអគតិមួយក្តាប់តូចថា ការបង្កើតច្បាប់ស្តីពីការដកសញ្ជាតិនេះឡើងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន និងប្រៀបបានដូចជារបបប្រល័យពូជសាសន៍នោះ គឺមិនមែនជាការពិតនោះឡើយ ខណៈប្រទេសមហាអំណាច ហើយជាបិតាប្រជាធិបតេយ្យក៏មានច្បាប់នេះដែរ ហេតុអ្វីមិនចោទប្រកាន់គេថាជារបបប្រល័យពូជសាសន៍ដែរនោះ។
យ៉ាងណាក៏ដោយឯកឧត្តម កើត រិទ្ធ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំមានការព្រួយ បារម្ភចំពោះច្បាប់នេះឲ្យសោះ ដោយការបង្កើតច្បាប់នេះឡើយ គឺដើម្បីលើកកម្ពស់ស្មារតីស្នេហាជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ប៉ុន្តែបុគ្គលណា ដែលឃុបឃិតជាមួយប្រទេស ជាពិសេសរឿងករណី ដែលកម្ពុជាកំពុងមានបញ្ហាជាមួយថៃនោះ នឹងត្រូវអនុវត្តភ្លាមៗដោយគ្មានការលើកលែងនោះឡើយ ក្រោយច្បាប់នេះចេញជាស្ថាពរហើយនោះ។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ បានអនុម័តទាំងស្រុងក្នុងសំឡេង ១២៥លើ១២៥ សំឡេង ចំពោះសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជានោះ៕អត្ថបទបាន ចក់
