ភ្នាក់ងារសហព័ន្ធ បានធ្វើការឆ្មក់បង្ក្រាបអនុវត្តច្បាប់អន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា លើកន្លែងបណ្តុះកញ្ឆាដែលមានអាជ្ញាប័ណ្ណពីរដ្ឋនៅក្នុងតំបន់កសិកម្មនៃតំបន់ឆ្នេរភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេត្រូវប្រឈមមុខជាមួយក្រុមអ្នកតវ៉ាដែលមានកំហឹង។ ខណៈរូបភាពវីដេអូ និងពាក្យសម្តីនៃការឆ្មក់បង្ក្រាបបានរាលដាលនៅលើបណ្តាញផ្សព្វផ្សាយសង្គម ក្រុមសកម្មជនសិទ្ធិជនអន្តោប្រវេសន៍រាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅតំបន់នោះតាមរថយន្តជាច្រើនគ្រឿងដែលនាំទៅដល់ការប្រឈមមុខដាក់គ្នាជាមួយភ្នាក់ងារសហព័ន្ធ។

ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ដែលចូលរួមដោយទាហានឆ្មាំជាតិនៅក្នុងយានយន្តប្រភេទយោធា បានបើកចុះឡើងនៅទីតាំងចំនួនពីរកន្លែងដែលដំណើរការដោយក្រុមហ៊ុន Glass House Farms ដែលមួយកន្លែងនៅក្នុងតំបន់ Santa Barbara ចម្ងាយប្រហែល៩០ម៉ាយភាគពាយព្យទីក្រុង Los Angeles និងមួយកន្លែងទៀតនៅក្នុងសហគមន៍ Ventura County មានចម្ងាយប្រហែល៥០ម៉ាយពីទីក្រុង Los Angeles។ Glass House Farms ដែលប្រកាសខ្លួនវាថាជាក្រុមហ៊ុនមួយក្នុងចំណោម «ក្រុមហ៊ុនកញ្ឆារួមបញ្ចូលគ្នាដែលរីកលូតលាស់លឿនបំផុតនៅក្នុងសហរដ្ឋអាមេរិក» បាននិយាយនៅលើបណ្តាញ X ថា ទីតាំងផ្ទះកញ្ចក់របស់ខ្លួន «ត្រូវបានចុះពិនិត្យនៅថ្ងៃនេះដោយមន្ត្រីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ( ICE) និងបាននិយាយថា «ក្រុមហ៊ុនបានគោរពអនុវត្តយ៉ាងពេញលេញតាមដីការឆែកឆេររបស់ភ្នាក់ងារ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតប្រសិនបើចាំបាច់»។

ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយបានរាយការណ៍ថា កម្មករកសិដ្ឋានប្រហែល១០០នាក់ត្រូវបានឃុំខ្លួននៅក្នុងការបោសសំអាតអន្តោប្រវេសន៍នៅមុនពេលការតវ៉ា ហើយឧស្ម័នបង្ហៀរទឹកភ្នែកត្រូវបានបាញ់ទៅលើហ្វូងមនុស្សក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយភ្នាក់ងារសហព័ន្ធ។ រូបភាពទូរទស្សន៍ក្នុងស្រុកពីកន្លែងកើតហេតុនៃការប្រឈមមុខដាក់គ្នា បានបង្ហាញក្រុមបាតុករកំពុងស្រែក និងធ្វើកាយវិការដោយកំហឹងចំពោះភ្នាក់ងារសហព័ន្ធពាក់ឯកសណ្ឋានមានពាក់មួកសុវត្ថិភាព និងរបាំងមុខ។