ភ្លៀងមូសុងយ៉ាងខ្លាំងបានធ្វើឲ្យជន់លិចផ្លូវធំៗ និងសង្កាត់ទំនាបក្នុងទីក្រុង Lahore ជាទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ដែលបានរំខានដល់ចរាចរណ៍ និងបង្ខំឱ្យមានការជម្លៀសប្រជាជនជាបន្ទាន់នៅទូទាំងតំបន់ទីប្រជុំជន។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NDMA) បានរាយការណ៍ពីការស្លាប់មនុស្ស៤នាក់ដោយសារទឹកជំនន់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈទីក្រុងទទួលទឹកភ្លៀងកម្រិត១៥០មីលីម៉ែត្រ ជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលតែមួយថ្ងៃក្នុងរដូវមូសុងនេះ។

ការជន់លិចក្នុងទីក្រុង បានធ្វើឱ្យសង្កាត់ពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមទាំងទីផ្សារ មានទឹកជន់លិចជ្រៅត្រឹមចង្កេះ។
មនុស្សយ៉ាងហោចណាស់៩០នាក់ រួមទាំងកុមារ៤៥នាក់បានស្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារឧបទ្ទវហេតុទាក់ទងនឹងទឹកជំនន់ និងទឹកភ្លៀងចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា នេះបើយោងតាមស្ថិតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA)។ ការស្លាប់និងរងរបួសបណ្តាលមកពីការលង់ទឹក បំណាក់ដី និងសំណង់បាក់រលំក្នុងពេលមានភ្លៀងធ្លាក់។