អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងម៉ានីល នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះ ដោយបញ្ហាដំឡើងពន្ធពាណិជ្ជកម្មលើសម្ព័ន្ធមិត្តការពារជាតិដ៏សំខាន់បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានលើកយកមកពិភាក្សា។
នៅក្នុងបទសម្ភាសន៍ អំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានបញ្ជាក់ពីការរៀបចំនូវអ្វីដែលនឹងក្លាយជាជំនួបលើកដំបូង រវាងលោក Trump និងលោក Marcos ដែលប្រទេសរបស់មេដឹកនាំទាំង២ បានបង្កើនការពាក់ព័ន្ធផ្នែកយោធាដ៏គួរឲ្យកត់សម្គាល់នាពេលថ្មីៗនេះ។

លោកស្រី Lazaro បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះថា៖ «បញ្ហាពន្ធ នឹងត្រូវបានពិភាក្សាក្នុងចំណោមបញ្ហាផ្សេងទៀត ដែលវាក៏មានសារសំខាន់ផងដែរ សម្រាប់យើង។ យើងបានបញ្ជូនក្រុមចរចាទៅរួចហើយ ដើម្បីពិភាក្សាអំពីបញ្ហានេះ»។
មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រជុំនេះ ត្រូវបានកំណត់នៅថ្ងៃទី២២ ខែកក្កដា ខណៈដែលការិយាល័យរបស់លោក Marcos បានឲ្យដឹងថា លោកប្រធានាធិបតី នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា។
ប្រទេសហ្វីលីពីនមានការព្រួយបារម្ភ ចំពោះអត្រាពន្ធ ២០ភាគរយដែលត្រូវបានប្រកាស នៅសប្តាហ៍នេះដោយលោក Trump ដែលបានបង្កើនពីកម្រិត ១៧ភាគរយ ក្នុងខែមេសា ដោយមិនមានការពន្យល់ជាក់លាក់។ ឱនភាពពាណិជ្ជកម្មទំនិញរបស់អាមេរិកជាមួយហ្វីលីពីន បានកើនឡើងដល់ ៤,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយកើនឡើង ២១,៨ភាគរយពីឆ្នាំ២០២៣៕
