WHO៖ នៅសប្ដាហ៍នេះអង្គការសុខភាពពិភពលោក (WHO) នៅអឺរ៉ុបបានព្រមានថា ការហក់ឡើងខ្ពស់ករណីឆ្លងវីរុសបម្លែងខ្លួនថ្មីOmicron នៅជុំវិញពិភពលោកអាចបង្កើនហានិភ័យ និងអាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងតាមរយៈវីរុស COVID-19 បម្លែងថ្មីដទៃទៀត។ ខណៈវីរុសបម្លែងខ្លួនថ្មី Omicron កំពុងរីករាលដាលឆាប់រហ័សដូចជាភ្លើងឆេះព្រៃ នៅជុំវិញពិភពលោកវាហាក់ដូចជាមិនសូវធ្ងន់ធ្ងរជាងការភ័យខ្លាចដំបូងឡើយ ហើយបានបង្កើនក្តីសង្ឃឹមថានឹងអាចយកឈ្នះជំងឺរាតត្បាតសកលបាន ហើយជីវភាពរស់នៅត្រឡប់ទៅរក ភាពប្រក្រតីវិញ។

ប្រធានកម្មវិធីគ្រាអាសន្នសុខភាពសាធារណៈ របស់អង្គការសុខភាពពិភពលោកលោកស្រី Catherine Smallwood បានសង្កត់ធ្ងន់លើការប្រុងប្រយ័ត្នដ៏ម៉ឺងម៉ាត់ ដោយប្រាប់សារព័ត៌មាន AFP ថា អត្រាឆ្លងកើនឡើងខ្ពស់អាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀត។ លោកស្រីវេជ្ជបណ្ឌិត Smallwood បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា មានការរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មី Omicron កាន់តែច្រើន វាកាន់តែមានការចម្លងខ្លាំង និងកាន់តែច្រើន វាទំនងជានឹងលេចចេញនូវវីរុសប្រភេទថ្មីដទៃទៀត។ ឥឡូវនេះវីរុសបម្លែងខ្លួនថ្មី Omicron គឺសាហាវណាស់ វាអាចបណ្តាលឱ្យស្លាប់បាន ប្រហែលជាតិចជាងវីរុសបម្លែងខ្លួនថ្មីប្រភេទ Delta បន្តិច ប៉ុន្តែតើនរណាអ្នកដឹងថា នឹងមានវីរុសCOVID-19 បម្លែងខ្លួនថ្មីប្រភេទណាទៀតផ្ទុះឡើង។
នៅសប្ដាហ៍នេះក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសបារាំង បានរកឃើញវីរុសបម្លែងខ្លួនថ្មីមួយប្រភេទផ្សេងទៀតនោះគឺវីរុសបម្លែងខ្លួនថ្មី 'IHU' ឬ (B.1.640.2) ដែលត្រូវបានរកឃើញនៅក្នុងអ្នកខ្លួនជំងឺ ១២នាក់នៅជិតទីក្រុង Marseille មានការវិវឌ្ឍន៍ចំនួន ៤៦ដងដែលធ្វើឱ្យវាកាន់តែធន់ទៅនឹងវ៉ាក់សាំង និងងាយឆ្លង។ លោកស្រីវេជ្ជបណ្ឌិត Smallwood បាននិយាយថា អឺរ៉ុបបានចុះកត់ត្រាករណីឆ្លងវីរុស Covid-19 ជាង ១០០លាននាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតសកលនេះ ហើយមានករណីឆ្លងថ្មីជាង ៥លាននាក់នៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំ២០២១៕
អត្ថបទ៖ សុខមាន