កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមមេដឹកនាំអឺរ៉ុប បានបង្ហាញប្រតិកម្មភ្លាមៗចំពោះសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpថា លោកនឹងទារពន្ធ ៣០ភាគរយលើទំនិញនាំចូលពីសហភាពអឺរ៉ុប(EU) ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula Von der Leyen បានកត់សំគាល់ឃើញថា ពន្ធនឹងធ្វើឲ្យប៉ះពាល់ដល់ធុរកិច្ច អ្នកប្រើប្រាស់ និងអ្នកជំងឺលើភាគីទាំង ២នៅអាត្លង់ទិក ។

ចំណែកឯប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក António Costa និយាយថា EU នឹងរួបរួមគ្នាយ៉ាងរឹងមាំ ហើយត្រៀមខ្លួនរួចរាល់ក្នុងការការពារផលប្រយោជន៍របស់ខ្លួន ដោយលោកនិយាយទៀតថា ពន្ធនឹងធ្វើកើតមានអតិផរណា និងភាពមិនច្បាស់លាស់ ។
គួរឲ្យដឹងថា លោក Trump បានផ្ញើរសារស្រដៀងគ្នាទៅកាន់ដៃគូពាណិជ្ជកម្មសហរដ្ឋអាមេរិកចំនួន ២៣ ក្នុងសប្តាហ៍នេះ រួមទាំងកាណាដា ជប៉ុន និងប្រេស៊ីល ជាមួយនឹងការកំណត់អត្រាពន្ធចាប់ពី ២០ភាគរយ រហូតដល់ ៥០ភាគរយ ៕
