ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់ជំនួយម៉ាសចំនួន៣លាន , ម៉ាសN95ចំនួន២សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ស្អែកនេះ ស្របនឹងដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ផងដែរ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញអ្នកសារព័ត៌មាន នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃនេះក្រសួងសុខាភិបាល សហការជាមួយអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Aiways ដែលមានភារកិច្ចដឹកជញ្ជូនសម្ភារៈបរិក្ខារដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលនឹងដឹកនាំប្រតិភូជាន់ខ្ពស់ ទៅទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនោះ សម្តេចតេជោ មានជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃនេះ កម្ពុជា បានប្រគល់ជំនួយម៉ាស និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជូនដល់ប្រទេសចំនួន៦រួចមកហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ និយាយដោយឡែកសម្រាប់មីយ៉ាន់ម៉ា គឺជាលើកទី៣ហើយដែលកម្ពុជាប្រគល់ជំនួយជូនប៉ុន្តែការប្រគល់ជំនួយនេះ កម្ពុជាមិនបញ្ឈប់ត្រឹមនេះទេ។
កម្ពុជានឹងបន្តចែករំលែកសាមគ្គីភាពរវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តជាដើម៕
អត្ថបទ រដ្ឋា



