ស្វាយរៀង ៖ មន្ត្រីរាជការ ព្រះសង្ឃ ខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងលោកហែម ពិសិដ្ឋអភិបាលរងខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ អនុវត្តតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគ្នាវាយគង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការចុះ (បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព)នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងពេលចូលរួមទូងស្គរ នៅបរិវេណសាលាខេត្ត និងវាយជួងនៅវត្តសន្តិភាព តំណាងមន្ត្រីរាជការ និងព្រះសង្ឃខេត្តស្វាយរៀង បានមានចំណាប់អារម្មណ៏ ដោយសំដែងអបអរសារទរចំពោះ សម្តេចប្រមុខដឹកនាំព្រឹទ្ធសភា និងសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចទាំង២ បានខិតខំ (នាំយកទីតាំងបូជនីដ្ឋាននៃការចងចាំនៃកម្ពុជា ទៅចុះបញ្ជីនៅអង្គការយូណេស្កូ) គឺជាគោលនយោបាយដ៏ល្អបំផុតសម្រាប់ការបង្ហាញអោយកាន់តែច្បាស់បន្ថែមទៀតពីសកម្មភាពនៃការ កាប់សម្លាប់ប្រជាជន និងបំផ្លាញប្រទេស ជូនដល់សាកលលោកបានយល់ ពីការ ដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ និងជាសារបង្ហាញដល់យុវជនជំនាញក្រោយអោយបញ្ជៀសពីសង្គ្រាម និងអំពើហង្សា ។
ដោយ ៖ ភា សារិទ្ធ




