ប្រទេសក្រិក កំពុងត្រៀមខ្លួនទប់ទល់អាកាសធាតុដ៏ខ្លាំងក្លាមួយសប្តាហ៍ទៀត ខណៈសីតុណ្ហភាពខ្ពស់យ៉ាងគ្រោះថ្នាក់ និងខ្យល់កន្រ្តាក់បង្កើនហានិភ័យនៃចំហេះព្រៃទូទាំងប្រទេស។ យោងតាមការព្យាករ សីតុណ្ហភាពរំពឹងថានឹងឡើងដល់ ៣៨អង្សាសេ ហើយខ្យល់បក់ភាគខាងជើងខ្លាំងនៅសមុទ្រអាល់ហ្សេ អាចនឹងធ្វើឱ្យមានស្ថានភាពកាន់តែអាក្រក់ ជាពិសេសនៅចន្លោះថ្ងៃអាទិត្យ ១៣ កក្កដា នេះ ដល់ថ្ងៃព្រហស្បតិ៍ ១៧ កក្កដា ខាងមុខ។
ចាប់ពីថ្ងៃអាទិត្យនេះ តំបន់ដីគោកនឹងជួបប្រទះនឹងកំណើនសីតុណ្ហភាពបន្តិចម្តងៗ។ នៅថ្ងៃចន្ទ ១៤ កក្កដា សីតុណ្ហភាពនៅភាគកណ្តាលនៃប្រទេសក្រិក ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣៨អង្សាសេ ដោយគំរូស្រដៀងគ្នានេះនឹងបន្តដល់ថ្ងៃព្រហស្បតិ៍។

ក្រុមសង្កេតការណ៍ជាតិនៃទីក្រុងអាតែនបានព្រមានថា ការរួមបញ្ចូលគ្នានៃកម្ដៅ ភាពស្ងួតហួតហែង និងខ្យល់បក់ខ្លាំង នឹងបង្កើតលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់ ជាពិសេសនៅតំបន់ដីគោកភាគខាងកើត និងប្រជុំកោះអាល់ហ្សេ។
អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសតំបន់ជនបទ និងព្រៃឈើ។ ការជៀសវាងបង្កអណ្តាតភ្លើងនៅទីវាល ការដុត ឬសកម្មភាពណាមួយដែលអាចបង្កជាអគ្គិភ័យ ត្រូវបានណែនាំយ៉ាងមុតមាំ៕

