សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យ (១៣ កក្កដា) ថា ខ្លួននឹងបន្តផ្អាកវិធានការប្រឆាំងតប ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក រហូតដល់ដើមខែសីហា ហើយបន្តដាក់សម្ពាធឱ្យមានការចរចា ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទាមទារសម្បទានបន្ថែមពីដៃគូពាណិជ្ជកម្មនានា។

លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ថា លោកនឹងដាក់ពន្ធ ៣០% លើការនាំចូលភាគច្រើនពីសហភាពអឺរ៉ុប និងម៉ិកស៊ិក ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ ដោយបន្ថែមការព្រមានស្រដៀងគ្នានេះសម្រាប់ប្រទេសផ្សេងទៀត ហើយទុកពេលឱ្យពួកគេតិចជាង ៣សប្តាហ៍ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចព្រមព្រៀងក្របខណ្ឌ ដែលអាចបន្ទាបអត្រាពន្ធខ្ពស់ៗដែលបានគំរាមកំហែង។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បាននិយាយកាលពីថ្ងៃអាទិត្យថា សម្បទានផ្តល់ជូននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសនានារហូតមកដល់ពេលនេះមិនទាន់ពេញចិត្តលោក Trump ទេ ហើយ "ពន្ធគឺកើតមានប្រាកដណាស់" ប្រសិនបើពុំមានការកែលម្អក្នុងសំណើទាំងនោះ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មសម្រាប់រដ្ឋសមាជិកទាំង២៧ បាននិយាយថា ប្លុកនេះនឹងរក្សាវិធីសាស្រ្តពីរផ្លូវរបស់ខ្លួន មួយគឺបន្តចរចា និងមួយទៀតគឺរៀបចំវិធានការសងសឹក។ ទោះយ៉ាងនេះក្ដី លោកស្រីបន្ថែមថាប្លុកអឺរ៉ុបនឹងពន្យារការផ្អាកវិធានការសងសឹករបស់ខ្លួនរហូតដល់ខែសីហា។
ការសម្រេចចិត្តរបស់អឺរ៉ុបក្នុងការផ្អាកវិធានការសងសឹកភ្លាមៗនេះ បានចង្អុលបង្ហាញពីបំណងប្រាថ្នារបស់គណៈកម្មការអឺរ៉ុបក្នុងការបញ្ចៀសការសឹកសឹកទៅវិញទៅមកមិនឈប់ឈរនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ខណៈដែលនៅតែមានឱកាសចរចាអំពីលទ្ធផលដែលប្រសើរជាងនេះ៕


