សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យទីក្រុងហុងកុងចំនួន ១២នាក់ នៅថ្ងៃចន្ទ (១៤ កក្កដា) នេះ បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមមានទោសក្នុងបទចោទសមគំនិតធ្វើវិទ្ធង្សនា ឬការបង្កភាពវឹកវរដល់សង្គម និងទោសជាប់ពន្ធនាគាររបស់ពួកគេ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏ល្បីល្បាញ។

បណ្ដឹងឧទ្ធរណ៍នេះកើតចេញពីសំណុំរឿង "អ្នកប្រជាធិបតេយ្យចំនួន ៤៧ នាក់" ដែលដាក់ឈ្មោះតាមចំនួនសកម្មជនដែលត្រូវបានចាប់ខ្លួន និងត្រូវចោទប្រកាន់ពីបទ "សមគំនិតដើម្បីធ្វើវិទ្ធង្សនា" កាលពីដើមឆ្នាំ២០២១។
នៅទីបំផុត តុលាការបានរកឃើញថា ចុងចោទចំនួន ៤៥នាក់មានទោសពីបទរៀបចំ និងធ្វើការបោះឆ្នោតបឋមក្រៅផ្លូវការក្នុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបានធ្វើឱ្យទីក្រុងរបស់ប្រទេសចិនមួយនេះជួបភាពចលាចល។ ក្រុមរដ្ឋអាជ្ញាបានចាត់ទុកសកម្មភាពនេះថាជាការបំផ្លិចបំផ្លាញដល់រដ្ឋាភិបាលហុងកុង។
ក្នុងចំណោមអ្នកប្រជាធិបតេយ្យទាំង ១៦នាក់ដែលបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងអំឡុងពេលសវនាការនោះ មានមនុស្ស ១១នាក់បានសម្រេចចិត្តប្តឹងឧទ្ធរណ៍ រួមមានសកម្មជន Gordon Ng, Gwyneth Ho និង Owen Chow ដែលអ្នកទាំងអស់នេះត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់ជាង ៧ឆ្នាំ។ អ្នកប្រជាធិបតេយ្យម្នាក់ទៀត ឈ្មោះ Prince Wong ដែលបានផ្ដល់ចម្លើយថាមានទោស ក៏កំពុងប្តឹងឧទ្ធរណ៍លើសាលក្រមរបស់ខ្លួនផងដែរ៕

