បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានសំរេចបិទទីលានហ្វឹកហាត់របស់ខ្លួនជាបណ្តោះអាសន្នហើយ បន្ទាប់ពីមានករណីផ្ទុះឆ្លងមេរោគ Covid-19 ខ្លាំងនៅក្នុងក្លិប។ ជំនួយការអ្នកចាត់ការរបស់លោក Jurgen Klopp លោក Pep Lijnders ជាមនុស្សចុងក្រោយដែលត្រូវបានតេស្តវិជ្ជមាន Covid-19។

លោក Lijnders ទើបតែបានដឹកនាំ Liverpool បណ្តោះអាសន្នកាលពីថ្ងៃអាទិត្យស្មើជាមួយ Chelsea បន្ទាប់ពី Jurgen Klopp តេស្តវិជ្ជមាន។ ជាមួយគ្នានោះដែរកីឡាករសំខាន់ៗមួយចំនួនទៀតដូចជាអ្នកចាំទី Alisson Becker, Joel Matip និង Roberto Firmino សុទ្ធតែអវត្តមានពីការប្រកួតនោះ បូកបញ្ចូលជាមួយបុគ្គលិកក្លិប ៣នាក់ទៀតដែលសុទ្ធតែឆ្លង Covid-19។ មិនត្រឹមតែប៉ុណ្ណោះ Liverpool ក៏នឹងបាត់បង់កីឡាករ ៣នាក់សំខាន់ៗរួមមាន Mohamed Salah, Sadio Mane និង Naby Keita ដោយពួកគេត្រូវទៅចូលរួមការប្រកួតជើងឯកទ្វីបអាហ្វ្រិក។
មុននេះដែរ Liverpool បានធ្វើលិខិតផ្លូវការមួយស្នើដើម្បីលើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជើងទី១ នៅទឹកដី Arsenal ហើយក៏ត្រូវបានយល់ព្រមពី EFL ផងដែរ។ ក្រៅពីជួប Arsenal យប់នេះ Liverpool ក៏ត្រូវប្រកួត FA Cup នៅថ្ងៃអាទិត្យដែរដោយជួបជាមួយ Shrewsbury Town មុននឹងជួប Arsenal ម្តងទៀតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃទី១៣៕
អត្ថបទ៖នាង សុភាវុធ