កាក់អនឡាញ Bitcoin បានឆ្លងផុតបន្ទាត់ ១២០.០០០ដុល្លារអាមេរិក ជាលើកដំបូងនៅថ្ងៃចន្ទ (១៤ កក្កដា) នេះ ដែលជាចំណុចដ៏សំខាន់មួយសម្រាប់រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ខណៈក្នុងសប្តាហ៍នេះ វិនិយោគិនកំពុងភ្នាល់លើជ័យជម្នះគោលនយោបាយហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មកាក់ឌីជីថលបែបនេះ។

កាក់ Bitcoin ដែលជារូបិយបណ្ណឌីជីថលចាយតាមប្រព័ន្ធទូទាត់អនឡាញទូទាំងសកលលោកមួយនេះ បានកត់ត្រាតម្លៃខ្ពស់បំផុតចំនួន ១២១.២០៧ដុល្លារ និង ៥៥សេន ក្នុងវគ្គជួញដូរនៅអាស៊ីនាថ្ងៃចន្ទនេះ មុនពេលធ្លាក់ចុះបន្តិចវិញក្នុងការជួញដូរចុងក្រោយ ១,៦% ក្នុងតម្លៃ ១២១.០១៥ដុល្លារ ៤៦សេន។
ចាប់ផ្តើមនៅថ្ងៃចន្ទនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នឹងពិភាក្សាលើសំណើច្បាប់ជាបន្តបន្ទាប់ដើម្បីផ្តល់ឱ្យឧស្សាហកម្មទ្រព្យសកម្មឌីជីលនេះនូវក្របខណ្ឌនិយតកម្មរបស់សហរដ្ឋអាមេរិក ដែលខ្លួនចង់បានជាយូរមកហើយ។
សេចក្ដីស្នើច្បាប់ទាំងនោះបានស្របទៅនឹងការចង់បានជាយូររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានហៅខ្លួនលោកថាជា "ប្រធានាធិបតីគ្រីបតូ" ហើយបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយ កែប្រែច្បាប់ឡើងវិញដើម្បីគាំទ្រចំពោះឧស្សាហកម្មប្រាក់ឌីជីថលមួយនេះ៕

