ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទ (១៤ កក្កដា) នេះថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែមិថុនាកន្លងទៅ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានយល់ព្រមលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីកាត់បន្ថយពន្ធសងសឹកលើគ្នាទៅវិញទៅមក។

ទិន្នន័យពីរដ្ឋបាលទូទៅនៃគយប្រទេសចិន បានបង្ហាញថា ការនាំចេញបានកើនឡើង ៥,៨% ធៀបនឹងឆ្នាំមុន ដោយកើនឡើងលើសពីតួលេខ ៥% ដែលបានព្យាករនៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg ទៅលើសេដ្ឋវិទូ។
ការនាំចូលបានកើនឡើង ១,១% ដោយក៏លើសពីកំណើន ០,៣% ដែលបានព្យាករ និងជាកំណើនដំបូងក្នុងឆ្នាំនេះ។ ការនាំចេញរបស់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ហើយវិស័យនាំចេញបែបនេះជាខ្សែជីវិតសម្រាប់សេដ្ឋកិច្ច ខណៈសម្ពាធនៅកន្លែងផ្សេងទៀតកើនឡើង។
កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីរក្សាកំណើនសេដ្ឋកិច្ច បានប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ជាមួយសហរដ្ឋអាមេរិក ដែលជំរុញដោយពន្ធគយដ៏ច្រើនសន្ធឹករបស់លោកប្រធានាធិបតី Donald Trump ទោះបីជាភាគីទាំងពីរបានបន្ថយជម្លោះពន្ធ ជាមួយនឹងកិច្ចព្រមព្រៀងក្របខណ្ឌនៅឯកិច្ចពិភាក្សានៅទីក្រុងឡុងដ្រ៍ កាលពីខែមុនក៏ដោយ៕

