កុមារជាង ១៤លាននាក់ មិនបានទទួលវ៉ាក់សាំងទាល់តែសោះសម្បីតែមួយម្ជុលកាលពីឆ្នាំមុន - ដែលជាចំនួនប៉ាន់ប្រមាណដូចគ្នាទៅនឹងឆ្នាំ២០២៣ - នេះបើយោងតាមក្រុមមន្ត្រីសុខាភិបាលរបស់អង្គការសហប្រជាជាតិ ដោយប្រទេសចំនួន៩ ទូទាំងពិភពលោកមានច្រើនជាងពាក់កណ្តាលនៃកុមារដែលមិនបានចាក់ថ្នាំបង្ការជំងឺទាំងនោះ។

នៅក្នុងការប៉ាន់ប្រមាណប្រចាំឆ្នាំអំពីការគ្របដណ្តប់វ៉ាក់សាំងជាសាកល ដែលត្រូវចេញផ្សាយនៅថ្ងៃអង្គារ (១៥ កក្កដា) នេះ អង្គការសុខភាពពិភពលោក WHO និងអង្គការកុមារយូនីសេហ្វ បាននិយាយថា ប្រហែល ៨៩% នៃកុមារអាយុក្រោម ១ឆ្នាំ បានទទួលថ្នាំបង្ការដូសទីមួយនៃរោគខាន់ស្លាក់ តេតាណូស និងក្អកមាន់ ក្នុងឆ្នាំ២០២៤ ដូចគ្នានឹងឆ្នាំ២០២៣។ ចំនួនកុមារប្រហែល ៨៥% បានបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ៣ដង កើនឡើងពីអត្រា ៨៤% ក្នុងឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រុមមន្ត្រីបានទទួលស្គាល់ថា ការដួលរលំនៃជំនួយអន្តរជាតិនៅឆ្នាំនេះនឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការបន្ទាបចំនួនកុមារដែលមិនបានទទួលវ៉ាក់សាំងការពារជំងឺដ៏សំខាន់។ កាលពីខែមករា ប្រធានាធិបតីអាមេរិក លោក Trump បានដកប្រទេសនេះចេញពីអង្គការ WHO ដោយបានបង្កកជំនួយមនុស្សធម៌ស្ទើរតែទាំងអស់ ហើយក្រោយមកបានបិទទីភ្នាក់ងារជំនួយអាមេរិក USAID។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា ការចាក់វ៉ាក់សាំងនៅតែ "មិនស្មើភាពគ្នាយ៉ាងខ្លាំង" ហើយថាជម្លោះ និងវិបត្តិមនុស្សធម៌បានបង្អាក់ដំណើរការនេះ ដោយប្រទេសស៊ូដង់មានអត្រាចាក់ថ្នាំបង្ការទាបបំផុតប្រឆាំងនឹងជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់។
ទិន្នន័យបង្ហាញថា ប្រទេសចំនួន៩ ដែលមានតួលេខ ៥២% នៃកុមារទាំង ១៤លាននាក់ដែលខកខានមិនបានចាក់វ៉ាក់សាំងទាល់តែសោះនោះរួមមាន នីហ្សេរីយ៉ា ឥណ្ឌា ស៊ូដង់ កុងហ្គោ អេត្យូពី ឥណ្ឌូនេស៊ី យេម៉ែន អាហ្វហ្គានីស្ថាន និងអង់ហ្គោឡា៕

