ការគំរាមកំហែងពន្ធរបស់លោកប្រធានាធីបតីអាមេរិក Donald Trump អវត្តមានជាថ្មីម្ដងទៀតរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent និងការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេស BRICS នឹងគ្របដណ្តប់លើកិច្ចប្រជុំរបស់ប្រមុខហិរញ្ញវត្ថុ G20 នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍នេះ ក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមមន្ត្រីសំខាន់ៗមួយចំនួន រួមទាំងលោក Bessent បានរំលងជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាល G20 ម្ដងរួចមកហើយកាលពីខែកុម្ភៈ នៅក្រុង Cape Town របស់អាហ្វ្រិកខាងត្បូង ដោយបានលើកជាសំណួរអំពីសមត្ថភាពរបស់ក្រុមនេះក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

លោក Trump ដែលបានគំរាមដាក់ពន្ធលើក្រុមប្រទេស BRICS ដោយសារតែអ្វីដែលលោកហៅថា "គោលនយោបាយប្រឆាំងអាមេរិក" បានអនុវត្តពន្ធមូលដ្ឋាន ១០% លើការនាំចូលរបស់អាមេរិកទាំងអស់ ជាមួយនឹងអត្រាខ្ពស់ៗកំណត់គោលដៅលើប្រទេស និងផលិតផលជាក់លាក់ជាច្រើនទៀត។

ការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធបន្ថែមលើបណ្តាប្រទេស BRICS បានបន្ថែមភាពស្មុគ្រស្មាញកាន់តែខ្លាំងឡើង ដោយសារតែសមាជិក G20 ចំនួន៨ - រួមទាំងម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូងផងដែរ - ក៏ស្ថិតក្នុងក្រុម BRICS ដែលបានពង្រីកខ្លួន។ ការត្រួតជាន់គ្នាបែបនេះបានបង្ហាញពីការលេចឡើងនៃវេទិកាជំនួបដ៏ប្រកួតប្រជែងជាច្រើនទៀតនាពេលខាងមុខ នៅពេលដែលស្ថាប័នដឹកនាំដោយលោកខាងលិចនានា កំពុងជួបបញ្ហាប្រឈមថាលែងគួរឱ្យទុកចិត្តបានទៀតហើយ៕