យោធាអ៊ីស្រាអែលនិយាយថា ទាហានបីនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមនេះ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។
ប៉ុន្តែការលើកឡើងបែបនេះ បានធ្វើឲ្យមានប្រតិកម្មមិនគាំទ្រពីសំណាក់សមាជិកគ្រួសារចំណាប់ខ្មាំង និងក្រុមគ្រួសារទាហានដែលបានស្លាប់ ដោយនិយាយថា ឈាមកំពុងត្រូវបានបង្ហូរដោយគ្មានហេតុផល ហើយចាំបាច់ត្រូវតែមានកិច្ចព្រមព្រៀងបទឈប់បាញ់។
នេះក៏បានកើតឡើងនៅពេលដែលក្រុមចម្រុះរបស់លោក Netanyahu ដែលបច្ចុប្បន្នស្ថិតក្នុងហានិភ័យ ដោយសារតែសមាជិកស្តាំនិយមជ្រុល បាននិយាយថាពួកគេនឹងចាកចេញពីរដ្ឋាភិបាល ហើយផ្តួលរំលំក្រុមចម្រុះប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់។
កាលពីថ្ងៃច័ន្ទ ក្រុមជ្រុលនិយមមួយនៅក្នុងរដ្ឋាភិបាលរបស់លោក Netanyahu បានសម្រេចដាក់សំណើសុំចាកចេញ ជុំវិញការប្រឆាំងផ្ទៃក្នុងអំពីច្បាប់កែណ្ឌកងទ័ពរបស់អ៊ីស្រាអែល។ រដ្ឋអាជ្ញារបស់ប្រទេសបានប្រាប់លោក Netanyahu ថា រដ្ឋាភិបាលរបស់លោកមិនអនុវត្តច្បាប់ដើម្បីដាក់ទណ្ឌកម្មលើអ្នកគេចវេសកែណ្ឌកងទ័ពនោះទេ។
ដូច្នេះហើយ ក្រុមជ្រុលនិយមទាំងនេះកំពុងនិយាយថា លោក Netanyahu មានពេល៤៨ម៉ោង បើមិនដូច្នេះទេ ពួកគេនឹងធ្វើឲ្យក្រុមចម្រុះរបស់លោកដួលរលំ។