ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អឺរ៉ុបប្តេជ្ញាបន្តផ្តល់ជំនួយយោធាដល់រដ្ឋាភិបាលទីក្រុងគីវ ប្រសិនបើទីក្រុងមូស្គូ មិនបន្តដំណើរការឆ្ពោះរកការចរចាដំណោះស្រាយនៅអ៊ុយក្រែន។
លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា៖ «ខ្ញុំត្រូវតែប្រាប់អ្នក អឺរ៉ុបពិតជាមានស្មារតីក្នុងគាំទ្រដល់សង្រ្គាមនេះ»។
លោក ត្រាំ បាននិយាយថា ពីដំបូងឡើយលោកមិនគិតថា មានករណីនេះទេ ប៉ុន្តែទស្សនៈរបស់លោក បានផ្លាស់ប្តូរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

លោកប្រធានាធិបតីអាមេរិក បាននិយាយថា៖«នៅពេលខ្ញុំចូលរួមដំបូង ខ្ញុំពិតជាមិននឹកស្មានថា ពួកគេធ្វើនោះទេ ប៉ុន្តែពួកគេធ្វើ ហើយខ្ញុំបានឃើញវាកាលពីមួយខែមុន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ»។ «កម្រិតនៃស្មារតីគាំទ្រដែលពួកគេមាន គឺពិតជាអស្ចារ្យណាស់។ ពួកគេពិតជាគិតថា វាជារឿងសំខាន់ខ្លាំងណាស់ ដែលត្រូវធ្វើ ឬពួកគេនឹងមិនធ្វើ»។
លោកបានបញ្ជាក់ជាថ្មីថា អឺរ៉ុបនឹងចំណាយពេញលេញសម្រាប់ការផ្គត់ផ្គង់សព្វាវុធ និងសម្ភារៈយោធារបស់អាមេរិក ដល់អ៊ុយក្រែន។ លោក ត្រាំ បានបន្ថែមថា៖«ពួកគេកំពុងចំណាយសម្រាប់អ្វីគ្រប់យ៉ាងដែលយើងនឹងមិនចំណាយបន្ថែមទៀត»។
អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា ទីក្រុងមូស្គូបន្តធ្វើតាមគោលជំហរដែលសហរដ្ឋអាមេរិកមិនដែលបញ្ឈប់ការផ្គត់ផ្គង់អាវុធរបស់ខ្លួន ដល់អ៊ុយក្រែន ហើយនឹងរក្សាការអនុវត្តនេះ នាពេលអនាគត។
