រដ្ឋមន្រ្តីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen និយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងរួមចំណែកផ្តល់ហិរញ្ញវត្ថុដល់ការចែកចាយប្រព័ន្ធការពារដែនអាកាស Patriot ផលិតនៅសហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ ។
មុនជំនួបជាមួយក្រុមមន្រ្តីការបរទេសមកពីសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Rasmussen និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងត្រូវធ្វើសេចក្តីលម្អិត ។ រឿងសំខាន់បំផុតនៅពេលឥឡូវនេះ ពួកយើងមានការត្រៀមខ្លួនរបស់អាមេរិក ក្នុងការចែកចាយដែលអាវុធត្រូវការបំផុតទាំងអស់នោះ ។

លោកបន្តថា ពួកយើងគ្មានប្រព័ន្ធ Patriot បែបនេះនោះទេ ដូច្នេះហើយបើសិនជាពួកយើងត្រូវពឹងផ្អែកវា ពួកយើងត្រូវតែត្រៀមខ្លួនធ្វើវា គឺផ្តល់ជាហិរញ្ញវត្ថុ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសហូឡង់លោក Caspar Veldkamp បាននិយាយផងដែរថា ប្រទេសរបស់លោកបើកចំហរចំពោះការគាំទ្រការសន្យារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ជូនមីស៊ីលការពារដែនអាកាស Patriot ដល់អ៊ុយក្រែន ហើយនិងសង្ឃឹមថា ប្រទេសដទៃទៀត នឹងធ្វើតាមប្រទេសរបស់លោក ។
លោកថា ហូឡង់ បានធ្វើរឿងច្រើនរួចមកហើយ ប៉ុន្តែពួកយើងនឹងពិនិត្យមើលអ្វីដែលពួកយើងអាចធ្វើបានពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់លោក Trump ៕
