ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសរុស្ស៊ី លោក Akira Muto បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន TASSថា សន្តិសុខនៃទ្វីបអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមិនអាចបំបែកបាន ដូច្នេះលទ្ធផលនៃស្ថានភាពជុំវិញអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់អាស៊ីបូព៌ា។

បេសកជនជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំចង់ចង្អុលបង្ហាញថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅប្រទេសកាណាដា ក្នុងខែមិថុនា បានសម្តែងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែន។ ដូចដែល [ជប៉ុន] នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បាននិយាយថា សន្តិសុខនៃអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមិនអាចបែងចែកដាច់ពីគ្នាបានទេ ដែលនេះ គឺជាមូលហេតុដែលលទ្ធផលនៃស្ថានការណ៍ជុំវិញប្រទេសអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាស៊ីបូព៌ា។
កិច្ចប្រជុំកំពូលលើកទី ៥១ នៃក្រុមប្រទេស G7 បានធ្វើឡើង នៅប្រទេសកាណាដា នៅថ្ងៃទី ១៥-១៧ ខែមិថុនា។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំនៃរដ្ឋសមាជិកទាំងអស់របស់ក្រុមនេះគឺ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាកចេញពីព្រឹត្តិការណ៍នេះ មុនពេលកំណត់។ ទូរទស្សន៍ NHK របស់ជប៉ុន បានចង្អុលបង្ហាញថា កិច្ចប្រជុំកាលពីខែមិថុនារបស់ក្រុមមេដឹកនាំ G7 បានបញ្ចប់ ដោយគ្មានសេចក្តីថ្លែងការណ៍រួមស្តីពីអ៊ុយក្រែន។
