វាយកូនបាល់៖ ការប្រកួតវាយកូនបាល់ពានរង្វាន់ ATP Cup នៅប្រទេសអូស្ត្រាលីរកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអស់ហើយ បន្ទាប់ពីពីរពូលចុងក្រោយបញ្ចប់ការប្រកួតម្សិលមិញ។ រុស្ស៊ីដែលស្ថិតនៅក្នុងពូល B បានយកឈ្នះអ៊ីតាលីម្សិលមិញនេះ ២-១ ដើម្បីធានាបានកៅអីលេខ ១ ក្នុងពូល។

អ៊ីតាលីបាននាំមុខការប្រកួតនេះមុនតាមរយៈជ័យជំនះរបស់ Jannik Sinner លើ Roman Safiullin ៧-៦(៨-៦) និង ៦-៣ មុនពេលដែលរុស្ស៊ីតាមស្មើវិញតាមរយៈជ័យជំនះរបស់ Daniil Medvedev លើ Matteo Berrettini ៦-២, ៦-៧(៥-៧) និង ៦-៤។ ចុងក្រោយវិញ្ញាសាវាយគូ កីឡាករ Daniil Medvedev ចាប់ដៃគូជាមួយ Roman Safiullin បានយកឈ្នះ Matteo Berrettini និង Jannik Sinner ដោយលទ្ធផល ៥-៧, ៦-៤ និង ១០-៥។ ជ័យជំនះនេះធ្វើឱ្យរុស្ស៊ីធានាបានកៅអីលេខ ១ ក្រោយឈ្នះទាំង ៣ប្រកួតក្នុងពូលនឹងត្រូវជួបជាមួយក្រុមលេខ ១ ពូល C គឺកាណាដា។
កាណាដាចុងក្រោយបំផុតបានយកឈ្នះក្រុមអាល្លឺម៉ង់ ២-០ ដោយកីឡាករ Danis Shapovalov យកឈ្នះ Jan-Lennard Struff និង Felix Auger-Aliassime យកឈ្នះម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Alexander Zverev។ នេះជាជ័យជំនះដ៏មានសារសំខាន់មួយសំរាប់កាណាដាដើម្បីឡើងវគ្គបន្ទាប់ ដោយសារអង់គ្លេសក៏ឈ្នះប្រកួតចុងក្រោយដែរទៅលើអាមេរិកតែបានត្រឹមលេខ ២ ក្នុងពូល។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទី១ អេស្ប៉ាញ និងប៉ូឡូញជួបគ្នាថ្ងៃនេះ ខណៈកាណាដា និងរុស្ស៊ីជួបគ្នាស្អែក៕
អត្ថបទ៖នាង សុភាវុធ