នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នាថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ សភារបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះមិនគួរចាប់ផ្ដើមឡើងវិញនូវការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកនោះឡើយ ប្រសិនបើលក្ខខណ្ឌជាមុនមិនត្រូវបានបំពេញ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖ «នៅពេលដែលសហរដ្ឋអាមេរិកប្រើការចរចាជាឧបករណ៍ ដើម្បីបញ្ឆោតអ៊ីរ៉ង់ និងបិទបាំងការវាយប្រហារដោយយោធាភ្លាមៗពីសំណាក់របបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ការពិភាក្សាមិនអាចត្រូវបានធ្វើឡើងដូចពីមុនឡើយ។ លក្ខខណ្ឌត្រូវតែកំណត់ ហើយគ្មានការចរចាថ្មីណាមួយអាចកើតឡើងបានឡើយ ប្រសិនបើលក្ខខណ្ឌទាំងនោះមិនត្រូវបំពេញទាំងស្រុង»។
យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍មិនបានកំណត់អំពីអ្វី ដែលជាលក្ខខណ្ឌជាមុននោះឡើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ធ្លាប់បានលើកឡើងថា គួរតែមានការធានាថា នឹងមិនមានការវាយប្រហារបន្ថែមទៀតលើទីក្រុងតេអេរ៉ង់ជាដាច់ខាត។
គួរបញ្ជាក់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមុន ដោយផ្ដល់ហេតុផលថា ទីតាំងទាំងនោះ គឹជាផ្នែកនៃកម្មវិធីដែលផ្តោតលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
