យោធាបានប្រាប់ឲ្យដឹងថា ការបំផ្ទុះមួយ បានសម្លាប់ទាហានកេនយ៉ា ៣នាក់ ដែលដើរល្បាតលើផ្លូវមួយ នៅភាគខាងកើតនៃប្រទេស ក្បែរព្រំដែនប្រទេសសូម៉ាលី។
ចំណែកក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា គឺ Al Shabaab បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា យ៉ាងហោចណាស់ទាហានកេនយ៉ា ២នាក់ ត្រូវបានសម្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបំផ្ទុះដែលសំដៅទៅលើក្បួនរថយន្តនៅក្នុងតំបន់ស្រដៀងគ្នា កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) ប៉ុន្តែក្រុមនេះមិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់នោះឡើយ។
កងទ័ពបានឲ្យដឹងថា ការល្បាតបានពារលើឧបករណ៍បំផ្ទុះច្នៃដោយដៃ (IED) កាលពីព្រឹកថ្ងៃអង្គារ នៅលើផ្លូវ រវាងទីក្រុង Sankuri និង Kiunga ជាទីក្រុងតំបន់ឆ្នេរ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីព្រំដែនប្រទេសសូម៉ាលី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ កងកម្លាំងការពារជាតិកេនយ៉ា បានឲ្យដឹងថា៖ «គួរឲ្យសោកស្ដាយណាស់ ទាហានដ៏ក្លាហាន ៣នាក់ បានបាត់បង់ជីវិតដោយសារមានរបួសធ្ងន់ធ្ងរ។ ទាហានទាំងនេះបានពលីជីវិតដើម្បីបម្រើជាតិ»។
គួរបញ្ជាក់ថា ក្រុម Al Shabaab គ្រប់គ្រងតំបន់ដ៏ធំ នៅភាគខាងត្បូង និងភាគកណ្តាលសូម៉ាលី ហើយជារឿយៗធ្វើការវាយប្រហារឆ្លងព្រំដែន លើគោលដៅយោធា និងស៊ីវិល ដែលអ្នកវិភាគសន្តិសុខលើកឡើងថា មានគោលបំណងដាក់សម្ពាធកេនយ៉ាឲ្យដកកងទ័ពរបស់ខ្លួនចេញពីបេសកកម្មរក្សាសន្តិភាព នៅសូម៉ាលី៕