យោធាអ៊ីស្រាអែល បានវាយប្រហារលើក្រសួងការពារជាតិរបស់ប្រទេសស៊ីរី ក្នុងរដ្ឋធានីដាម៉ាស(Damascus) និងកងកម្លាំងរដ្ឋាភិបាល នៅភាគខាងត្បូងប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងទីក្រុង Suweida របស់ខេត្ត ឌ្រូស (Druze) បានបន្តដល់ថ្ងៃទី៤។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុង ធ្វើការដើម្បីជួយសង្គ្រោះបងប្អូនជនជាតិភាគតិចឌ្រូសរបស់យើង និងដើម្បីលុបបំបាត់ក្រុមជនអន្ធពាលរបស់របបនេះ។ ក្រសួងការបរទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលពីបទឈ្លានពានទាំងកម្រោល។
មនុស្សជាង ៣០០នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងទីក្រុង Suweida ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលការប៉ះទង្គិចគ្នារវាងកងជីវពលភាគតិច ឌ្រូស និងកុលសម្ព័ន្ធបេដូអ៊ីន(Bedouin) បានផ្ទុះឡើង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សានៅភាគខាងត្បូងស៊ីរី ប៉ុន្តែជឿជាក់ថា នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។
លោកបានសរសេរនៅលើបណ្ដាញសង្គម X កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា យើងបានយល់ព្រមលើជំហានជាក់លាក់ដែលនឹងនាំស្ថានភាពដ៏លំបាក និងគួរឱ្យរន្ធត់នេះ ដល់ទីបញ្ចប់នៅយប់នេះ។ក្រសួងការបរទេសស៊ីរីបាននិយាយថា ប្រទេសនេះស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ភាគីអាមេរិក និងអារ៉ាប់ ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន ដោយសន្តិវិធី។ ចំណែកប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa និយាយថា សត្រូវ ព្យាយាមដាក់គោលដៅលើស្ថិរភាពរបស់ស៊ីរី។ អ៊ីស្រាអែល ពុំទាន់ធ្វើអត្ថាធិប្បាយលើបំណងនៃបទឈប់បាញ់នេះនៅឡើយទេ៕

