នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃពុធ (១៦ កក្កដា) បាននិយាយថា ប្រទេសកាណាដា នឹងដាក់ចេញនូវកូតាអត្រាពន្ធថ្មីទាក់ទងនឹងដែកថែប សម្រាប់បណ្ដាប្រទេសមួយចំនួនដែលខ្លួនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិកនោះទេ ដើម្បីការពារឧស្សាហកម្មដែកថែបក្នុងស្រុក។

លោក Carney បាននិយាយថា ពន្ធ ៥០% នឹងអនុវត្តចំពោះការនាំចូលពីប្រទេសទាំងនោះ ដែលលើសបរិមាណនាំចូលនៅឆ្នាំ២០២៤ ខណៈកាណាដា នឹងគោរពការរៀបចំដែលមានស្រាប់ជាមួយដៃគូពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា។ កាណាដានឹងអនុវត្តពន្ធបន្ថែម ២៥% លើការនាំចូលដែកថែបពីគ្រប់ប្រទេសដែលមានដែកឆៅរំលាយ និងចាក់ចេញជាទម្រង់រឹង នៅក្នុងប្រទេសចិន មុនដំណាច់ខែកក្កដានេះ។
វិធានការពន្ធថ្មីរបស់លោក Carney យ៉ាងទូលំទូលាយដោយមិនបញ្ជាក់ច្បាស់នេះ កំពុងឆ្លើយតបទៅនឹងការត្អូញត្អែរពីឧស្សាហកម្មក្នុងស្រុក ដែលបាននិយាយថា ប្រទេសផ្សេងទៀតកំពុងបង្វែរដែកថែបទៅលក់នៅកាណាដា ហើយធ្វើឱ្យឧស្សាហកម្មក្នុងស្រុកមិនមានការប្រកួតប្រជែង ដោយសារតែពន្ធគយដ៏ធ្ងន់របស់សហរដ្ឋអាមេរិក៕

