សហរដ្ឋអាមេរិក កំពុងរៀបចំបំផ្លាញស្បៀងអាហារសង្គ្រោះបន្ទាន់ ដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធអាមេរិកជិត ៥០០តោន របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលដំបូងឡើយគ្រោងបញ្ជូនទៅជួយសង្រ្គោះមនុស្សអត់ឃ្លានជុំវិញពិភពលោក។

អតីតមន្ត្រី USAID មួយរូបបានឱ្យដឹងថា អាហារដែលមានថាមពលខ្ពស់ និងសារធាតុចិញ្ចឹមទាំងនោះ បានស្តុកទុកចោលអស់ជាច្រើនខែនៅឃ្លាំងមួយក្នុងទីក្រុងឌុយបៃ។ ឥឡូវនេះ ស្បៀងអាហារនោះនឹងត្រូវបំផ្លាញចោលព្រោះផុតកំណត់ក្នុងខែកក្កដានេះ ដោយគិតថ្លៃកម្ទេចចោលបន្ថែមចំនួន ១០០.០០០ដុល្លារទៀតពីអ្នកបង់ពន្ធអាមេរិក។
អតីតមន្ត្រីដែលសុំមិនបញ្ជេញឈ្មោះរូបនេះបន្តថា ការបំផ្លាញអាហារដែលត្រូវការចាំបាច់នោះ ប្រហែលមិនកើតឡើងទេ ប្រសិនបើរដ្ឋបាលលោកប្រធានាធិបតី Donald Trump មិនបំផ្លាញទីភ្នាក់ងារ USAID ហើយស្បៀងអាហារអាចត្រូវបញ្ជូនទៅកន្លែងដែលត្រូវការយ៉ាងខ្លាំងដូចជាតំបន់ហ្កាហ្សា ជាដើម ដែលពោរពេញដោយអ្នកអត់ឃ្លាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ស្បៀងអាហារគ្រាអាសន្នទាំងនោះនឹងត្រូវបំផ្លាញចោល ព្រោះពួកគេមិនអាចប្រើបានមុនពេលហួសកំណត់ឡើយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែឧសភាថា រដ្ឋបាលលោក Trump បានប្រកាសពីផែនការបិទ USAID នៅក្នុងខែមករា ដោយបន្សល់ទុកជំនួយស្បៀងអាហារជាង ៦០.០០០តោន ឱ្យជាប់គាំងនៅក្នុងឃ្លាំងស្តុកនានាជុំវិញពិភពលោក៕

