ក្រសួងសុខាភិបាលរបស់ប្រទេសស៊ីរី បានរាយការណ៍ថា សាកសពរាប់សិបនាក់ ត្រូវបានគេរកឃើញនៅមន្ទីរពេទ្យ ក្នុងទីក្រុង Suwayda ប្រទេសស៊ីរី បន្ទាប់ពីអង្គភាពប្រដាប់អាវុធខុសច្បាប់ បានចាកចេញ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Telegram ថា៖«បន្ទាប់ពីអង្គភាពប្រដាប់អាវុធខុសច្បាប់ ត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យជាតិ នៅក្នុងទីក្រុង Suwayda សាកសពជាច្រើននាក់ ត្រូវបានគេរកឃើញ នៅទីនោះ។ ការពិនិត្យ បានបញ្ជាក់យ៉ាងច្បាស់ថា មានសាកសពជន ស៊ីវិល និងមន្ត្រីសន្តិសុខស៊ីរី។ ចំនួនមនុស្សដែលសាកសព ត្រូវបានគេរកឃើញ នៅក្នុងទីក្រុង Suwayda និងមូលហេតុនៃការស្លាប់របស់ពួកគេ មិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយទេ។

រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក Musaab al-Ali បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី SANA ថា ក្បួនរថយន្តសង្គ្រោះចំនួន ១៥គ្រឿង មិនអាចចូលទៅក្នុងខេត្ត Suwayda បានទេ ដែលរារាំងដោយយន្តហោះអ៊ីស្រាអែល។ លោក al-Ali បាននិយាយថា៖«យន្តហោះបានបើកការបាញ់ប្រហារទៅលើយានជំនិះទាំងអស់ដែលកំពុងធ្វើដំណើរ» ដោយបន្ថែមថា ក្រៅពីក្រុមរថយន្តសង្គ្រោះ គ្រូពេទ្យវះកាត់ចំនួន ១០ នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Suwayda រួមជាមួយនឹងរថយន្តពីរគ្រឿង ដែលដឹកថ្នាំ និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្តផងដែរ។
