ប្រភពការទូតបារាំងបានឲ្យដឹងកាលពីថ្ងៃពុធ (ទី១៦ ខែកក្កដា) ថា បេសកជនអន្តរជាតិ នឹងពិភាក្សាអំពីដំណោះស្រាយរដ្ឋ២ សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែនេះ មុនពេលមេដឹកនាំជាតិជួបប្រជុំគ្នានៅខែកញ្ញា។
សន្និសីទមួយ ដែលដឹកនាំដោយបារាំង និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគ្រោងទុកសម្រាប់ខែមិថុនា ដើម្បីស្តារផ្លូវការទូតឡើងវិញ សម្រាប់រដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព។ វាត្រូវបានពន្យារពេលនៅនាទីចុងក្រោយ ដោយសារតែយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

កាលពីសប្តាហ៍មុន ប្រភពការទូតបានប្រាប់ថា សន្និសីទត្រូវបានកំណត់ឡើងវិញ នៅថ្ងៃទី ២៨-២៩ ខែកក្កដា ប៉ុន្តែមិនបានបញ្ជាក់ថា តើអ្នកណានឹងចូលរួមនោះទេ។
តែប្រភពពីបារាំងបានឲ្យដឹងថា កិច្ចប្រជុំខែនេះ នឹងធ្វើឡើងក្នុងកម្រិតរដ្ឋមន្ត្រី។ ហើយការិយាល័យរបស់លោក Jean-Noel Barrot បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ នឹងចូលរួម។ ប្រភពនោះបានបន្ថែមថា ការជួបជុំនេះនឹងស្វែងរក «ជំរុញដល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន សម្រាប់រដ្ឋមួយចំនួន ដែលមិនទាន់ទទួលស្គាល់នៅឡើយ ក្នុងនោះរួមទាំងប្រទេសបារាំងផងដែរ»។
កិច្ចប្រជុំនោះក៏នឹងដំណើរការផងដែរ «លើការធ្វើឲ្យមានប្រក្រតីភាព និងការធ្វើសមាហរណកម្ម ក្នុងតំបន់របស់អ៊ីស្រាអែល ជាមួយបណ្តាប្រទេសអារ៉ាប់ និងមូស្លីម»។ ប្រភពបានសង្កត់ធ្ងន់ថា ប្រមុខរដ្ឋ និងរដ្ឋាភិបាល នឹងជួបប្រជុំគ្នានៅទីក្រុងប៉ារីស ឬញូវយ៉ក មុនមហាសន្និបាតរបស់ UN ដែលនឹងចូលរួមដោយមេដឹកនាំពិភពលោក នៅថ្ងៃទី២២ ខែកញ្ញា៕
