ប្រធានាធិបតីស្តីទីស៊ីរីលោក Ahmed al-Sharaa និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការការពារជនជាតិភាគតិច Druze និងសិទ្ធិរបស់ពួកគេ គឺជាអាទិភាពរបស់ពួកយើង ស្របពេលដែលអ៊ីស្រាអែលសន្យាបំផ្លាញកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលវាយប្រហារជនជាតិ Druze នៅតំបន់ភាគខាងត្បូងប្រទេស ។
លោក Sharaa បានថ្លែងសុន្ទរកថាពីជនជាតិ Druze នៅក្នុងសេចក្តីថ្លែងការណ៍លើកញ្ចក់ទូរទស្សន៍លើកដំបូងរបស់លោក ក្រោយការវាយប្រហារតាមច្រកអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលលើទីក្រុងដាម៉ាស់ កាលពីថ្ងៃពុធ ។
លោកនិយាយថា ពួកយើងមិនមែនស្ថិតនៅក្នុងចំណោមអ្នកខ្លាចធ្វើសង្រ្គាមនោះទេ ។ ពួកយើងគឺជាអ្នកដែលបានចំណាយពេលពេញមួយជីវិតរបស់ពួកយើងប្រឈមការងារលំបាក និងការពារប្រជាជនរបស់ពួកយើង ។

ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញផ្នែកខ្លះនៃក្រសួងការពារជាតិស៊ីរី និងវាយប្រហារតំបន់ជិតវិមានប្រធានាធិបតី ស្របពេលដែលពួកគេសន្យាកម្ទេចកងកម្លាំងរដ្ឋាភិបាលដែលបានវាយប្រហារជនជាតិភាគតិច Druze នៅតំបន់ភាគខាងត្បូងស៊ីរី និងទាមទារឲ្យពួកគេដកទ័ពចេញវិញ ។
ការវាយប្រហារនេះដែរ ជាការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងរបស់អ៊ីស្រាអែលប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយអ៊ិស្លាមរបស់លោក Sharaa ។ ការវាយប្រហារនេះ បានកើតមានឡើង បើទោះបីជាមានទំនាក់ទំនងកក់ក្តៅរបស់លោកជាមួយសហរដ្ឋអាមេរិក ហើយនិងទំនាក់ទំនងសន្តិសុខកំពុងវិវត្តរបស់រដ្ឋបាលលោក ជាមួយអ៊ីស្រាអែល ៕
