យ៉ាងហោចណាស់មនុស្ស ៣៥៦ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាលអន្តរកាល និងអង្គភាពស្វ័យការពារភ្នំ Druze ក្នុងខេត្ត Suwayda របស់ប្រទេសស៊ីរី។ នេះបើយោងតាមទូរទស្សន៍ Sky News Arabia ។

បណ្តាញទូរទស្សន៍នេះ បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់មានជនស៊ីវិល ៥៥នាក់ និងយុទ្ធជនការពារខ្លួន ៧៩នាក់។ អង្គភាពកងកម្លាំងពិសេសមកពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលត្រូវបានដាក់ពង្រាយពីទីក្រុងដាម៉ាស( Damascus) ដើម្បីបង្កើតស្ថិរភាពឡើងវិញ បានទទួលរងការស្លាប់ បាត់បង់មនុស្សចំនួន ១៨៩នាក់ ខណៈដែលកងជីវពលកុលសម្ព័ន្ធអារ៉ាប់គាំទ្ររដ្ឋាភិបាល បានបាត់បង់យុទ្ធជនចំនួន ១៨នាក់។ បុគ្គលិកសន្តិសុខផ្ទៃក្នុង ១៥នាក់បន្ថែមទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងដាម៉ាស កាលពីថ្ងៃទី ១៦ ខែកក្កដា។
នាពេលមុននេះ ក្រសួងការពារជាតិស៊ីរី បានប្រកាសដកកងកម្លាំងយោធាទាំងអស់ ចេញពីទីក្រុង Suwayda ជាកន្លែងដែលសហគមន៍ Druze មានប្រជាជនភាគច្រើន ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្រេច។ សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា៖«កងទ័ពកំពុងចាកចេញពីទីក្រុង Suwayda បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធខុសច្បាប់ឲ្យអស់ពីទិក្រុងនេះ ដោយកងកម្លាំងនគរបាល កំពុងគ្រប់គ្រង»។
