សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ បានលើកឡើងថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតខ្មែរ ជាពិសេសសម្រាប់ផ្តល់មេរៀនដល់កូនខ្មែរជំនាន់ក្រោយធ្វើការចងចាំ ហើយមួយវិញទៀតការរៀបចំប្រតំបន់ប្រវត្តិសាស្រ្តនេះឡើងក៏ដើម្បីជាការរំឭករឿងរ៉ាវដែលធ្លាប់មានការប្រតិបត្តិការសឹក និងសកម្មភាពប្រយុទ្ធចុងក្រោយរបស់យោធាផងដែរ។
តាមរយៈសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ BTV ស្តីពីការរៀបប្រវត្តិសាស្រ្តយោធា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តយោធាគឺជាការបញ្ជាក់ដល់ទីតាំងមណ្ឌល ឬតំបន់ប្រវត្តិ សាស្រ្ត ដែលមានទាក់ទងជាមួយប្រវត្តិដែលធានាបាននូវសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខជា ដើម ដូច្នេះហើយបានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលអនុញ្ញឲ្យមានការរៀបចំនូវតំបន់ប្រវត្តិសាស្រ្តនេះឡើង ដើម្បីផ្តល់ការអបរំ ការយល់ដឹង និងការចងចាំរបស់កូនខ្មែរជំនាន់ក្រោយ ឲ្យកាន់តែរឹងមាំតាមរយៈការ បង្ហាញនូវតឹកតាង ដែលមាន និងជាសក្ខីកម្មពិតប្រាកដកុំឲ្យបាត់បង់។
បើយោងតាមវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបានឲ្យដឹងថា ក្រសួងការពារជាតិ នឹងយកតំបន់ចំនួន៨៧ទីតាំងស្ថិតនៅក្នុងទឹកដីភូមិភាគ៥ ភូមិភាគ៣ និងភូមិភាគ៤ ធ្វើជាតំបន់ប្រវត្តិសាស្រ្តយោធា ដោយរាល់ទីតាំងទាំងនោះ គឺនឹងត្រូវបន្ថែមអត្ថន័យដ៏ពិសិដ្ឋមួយបន្ថែមទៀតគឺពាក្យថា«តេជោ» ដែលចង់បង្ហាញថាតំបន់សមរភូមិក្តៅទាំងនោះ បានប្រែក្លាយជាតំបន់អភិវឌ្ឍ សហប្រតិបត្តិការ និងការពារជាតិ ក្នុងសម័យកាលតេជោសន្តិភាព។
បើតាមឯកសាររបស់ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ដដែលបានបញ្ជាក់ឲ្យដឹងផងដែរថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា ត្រូវ ធានាឲ្យបាននូវគោលការណ៍នៃនិរន្តរភាព ដែលមានសកម្មភាពដំណើរការសម្រាប់សាធារណជន ជាការ សិក្សាស្រាវជ្រាវ ជាទីតាំងប្រវត្តិសាស្រ្ត ជាទេសចរណ៍ និងជាទីតាំងបម្រើឲ្យមូលដ្ឋាន ទំាងបីចំណុចធំៗ ដូចជា«កត្តញ្ញូ សុខដុម និងការចូលរួមជាដើម។
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិជាង៣៥របស់កម្ពុជាបានមើលឃើញថា ការរៀបចំឲ្យមានតំបន់ប្រវត្តិសាស្រ្តនេះគឺពិតជារឿងចាំបាច់ ខណៈកន្លែងទាំងនោះ នឹងផ្តល់នូវការអប់រំ ការយល់ដឹង ព្រមទាំងស្មារតី ការពារសន្តិភាពដែលបានមកដោយនយោបាយ ឈ្នះ ឈ្នះ ឲ្យកាន់តែរឹងមាំ តាមរយៈការបង្ហាញនូវតឹកតាងដែលមាន និងជាសក្ខីកម្មពិតប្រាកដកុំឲ្យបាត់បង់។ ផ្តល់ទស្សនៈវិស័យ ក្នុងការអភិវឌ្ឍនៅតំបន់ និងភូមិសាស្រ្តទីតាំងទាំងឡាយ ដែលមានលក្ខណៈពហុវិស័យ ទាំងយុទ្ធសាស្រ្ត សន្តិសុខជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ បរិស្ថានជាមួយនឹងព្រំដែនដែលមាន ។
ការរៀបចំតំបន់នេះឡើងក៏ដើម្បីធ្វើឲ្យកាន់តែយល់ច្បាស់នូវអត្ថប្រយោជន៍ ភារកិច្ចការពារបូរណភាពទឹកដី នៃភូមិសាស្រ្ត ដែលធ្លាប់ជាតំបន់អសន្តិសុខ តំបន់មានការប្រយុទ្ធ និងមហន្តរាយនាពេល សង្រ្គាម ដែលក្លាយមកជាតំបន់សុខសាន្ត សុខដុម អភិវឌ្ឍន៍ និងការជឿនលឿននៅក្នុងពេលដែលទទួលបាននូវសន្តិភាពពេញលេញ ដោយមិនអាចឲ្យក្លាយទៅជាការកកើតឡើងវិញ ច្រំដែលនូវប្រវត្តិសាស្រ្ត ដែលមានកន្លងមក ដូចជាអ្វីដែលបានឃើញតាំងពីឆ្នាំ១៩៦៨ មកទល់នឹងឆ្នាំ១៩៩៨ ដោយមានភស្តុ តាងជាក់ស្តែងនៃការចាប់ផ្តើមរៀបចំកកើតកម្លាំងប្រឆាំង កម្លាំងតតាំងនៅលើភ្នំដងរែកជាដើមនោះ៕ អត្ថបទបាន ចក់


