អ៊ីស្រាអែលបានបដិសេធមិនបន្តទិដ្ឋាការសម្រាប់ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិយ៉ាងតិច បី នៅតំបន់ហ្កាហ្សា ដែលប្រធានផ្នែកមនុស្សធម៌របស់UN បានស្តីបន្ទោសចំពោះការងាររបស់ពួកគេ ដែលព្យាយាមការពារជនស៊ីវិលប៉ាឡេស្ទីននៅក្នុងទឹកដី ដែលហែកហួរដោយសង្រ្គាម។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់ថា ទិដ្ឋាការសម្រាប់ថ្នាក់ដឹកនាំមូលដ្ឋាននៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ដែលគេស្គាល់ថា OCHA ទីភ្នាក់ងារសិទ្ធិមនុស្ស OHCHR និងទីភ្នាក់ងារគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា UNRWA មិនត្រូវបានបន្ត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ។

លោក Tom Fletcher ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធថា អាណត្តិមនុស្សធម៌របសUN មិនមែនគ្រាន់តែផ្តល់ជំនួយដល់ជនស៊ីវិល ដែលត្រូវការជំនួយ និងរាយការណ៍ពីអ្វីដែលបុគ្គលិករបស់ខ្លួនធ្វើជាសាក្សីប៉ុណ្ណោះទេ ថែមទាំងដើម្បីតស៊ូមតិសម្រាប់ច្បាប់មនុស្សធម៌អន្តរជាតិថែមទៀតផង។
លោកបាននិយាយថា៖«រាល់ពេលដែលយើងរាយការណ៍អំពីអ្វីដែលយើងឃើញ យើងប្រឈមមុខនឹងការគំរាមកំហែងនៃការកាត់បន្ថយលទ្ធភាពទៅដល់ជនស៊ីវិលដែលយើងកំពុងព្យាយាមបម្រើនោះ។ «ពុំមានកន្លែងណា ដែលមានភាពតានតឹងរវាងអាណត្តិតស៊ូមតិរបស់យើង និងការផ្តល់ជំនួយធំជាង នៅតំបន់ហ្កាហ្សានោះទេ»។
លោក Fletcher បានអះអាងថា៖«ទិដ្ឋាការ មិនត្រូវបានបន្ត ឬកាត់បន្ថយរយៈពេលដោយអ៊ីស្រាអែលទេ ដែលជាឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការងាររបស់យើងទៅលើការការពារជនស៊ីវិល»។