នៅក្នុងលិខិតមួយ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ អ៊ីស្រាអែលបានទាមទារឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លុបចោលគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិ នៅក្នុងដែនដីប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយចោទប្រកាន់ស្ថាប័ននេះថា មានភាពលម្អៀង។
នៅក្នុងសារដែលបានផ្ញើកាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Daniel Meron បានប្រាប់ថា គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ នៅដែនដីកាន់កាប់ប៉ាឡេស្ទីន ក្នុងនោះរួមទាំងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត និងអ៊ីស្រាអែលផងដែរ បានរើសអើងប្រទេសរបស់លោក។

អ៊ីស្រាអែលតែងតែបានរិះគន់ជាប់ជានិច្ចនូវការរកឃើញដោយគណៈកម្មាការបង្កើតឡើងដោយ UN ដែលបានថ្កោលទោសសកម្មភាពរបស់យោធាអ៊ីស្រាអែល ចាប់តាំងពីកងកម្លាំងនេះបានចាប់ផ្តើមការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយប្រហារបង្ហូរឈាមដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
គណៈកម្មការដែលបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងអំឡុងពេលមានអរិភាព រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចផ្តល់ភស្តុតាងដែលត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតមុនការកាត់ក្តីដោយតុលាការ ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិជាដើម។
លិខិតនោះបានរៀបរាប់ថា៖ «គណៈកម្មការស៊ើបអង្កេត ទាំងនៅក្នុងអាណត្តិរបស់ខ្លួន និងក្នុងការងាររបស់សមាជិក គឺមិនមានអ្វីឲ្យលើសពីការបង្ហាញនូវការរើសអើងប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនោះឡើយ»៕
