សារព័ត៌មាន South China Morning Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនមុនពេលទៅចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ចន្លោះថ្ងៃទី៣០ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឬលោកអាចជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង។

ប្រទេសទាំងពីរ បាននិងកំពុងព្យាយាមចរចាបញ្ចប់សង្គ្រាមដំឡើងពន្ធកើនឡើងទៅវិញទៅមកដែលធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីជំនួបដ៏មានសក្តានុពលរវាងមេដឹកនាំក្នុងតំបន់នៅឆ្នាំនេះ ប៉ុន្តែនៅមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ ឬទីតាំងនៅឡើយទេ។

លោក Trump បានព្យាយាមដាក់ការដំឡើងពន្ធលើអ្នកនាំចូលទៅសហរដ្ឋអាមេរិកសម្រាប់ទំនិញបរទេសស្ទើរតែទាំងអស់ ដែលលោកនិយាយថានឹងជំរុញការផលិតក្នុងស្រុក ហើយអ្នករិះគន់បាននិយាយថានឹងធ្វើឱ្យទំនិញប្រើប្រាស់ជាច្រើនមានតម្លៃកាន់តែថ្លៃសម្រាប់ពលរដ្ឋអាមេរិក។
លោក បានអំពាវនាវឱ្យមានអត្រាដំឡើងពន្ធមូលដ្ឋានជាសកលចំនួន១០ភាគរយលើទំនិញដែលនាំចូលពីគ្រប់ប្រទេស ដោយដំឡើងសម្រាប់ការនាំចូលពីប្រទេសដែលមានបញ្ហាច្រើន រួមទាំងប្រទេសចិនដែលការនាំចូលពីប្រទេសនោះពេលនេះបានឡើងខ្ពស់បំផុត៥៥ភាគរយ។ លោក Trump បានកំណត់កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១២ ខែសីហា សម្រាប់សហរដ្ឋអាមេរិក និងចិន ដើម្បីឈានដល់កិច្ចព្រមព្រៀងដំឡើងពន្ធយូរអង្វែង។