លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដាថា លោកនឹងជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអារ៉ាប់រួមរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេនៅពេលដែលមេដឹកនាំក្រុមតាលីបង់បានពង្រីកការគ្រប់គ្រងលើប្រទេសនេះ។

លោក Trump មកពីគណបក្សសាធារណរដ្ឋ ជាអ្នកដែលបានសន្យាថានឹងមានការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ខ្លាំងក្លា បានផ្អាកការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនបន្ទាប់ពីលោកបានចូលកាន់តំណែងក្នុងខែមករា។ កាលពីខែមេសា រដ្ឋបាល លោក Trump បានបញ្ឈប់ការការពារការនិរទេសបណ្តោះអាសន្នសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។

លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Truth Social ដែលភ្ជាប់ឯកសារមួយស្តីពីពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួននៅទីនោះថា «ខ្ញុំនឹងព្យាយាមជួយសង្គ្រោះពួកគេ ដោយចាប់ផ្តើមពីឥឡូវនេះ»។ លោក Trump បានដកស្រង់គេហទំព័រព័ត៌មាន «Just the News» ដោយនិយាយថាមន្ត្រីប្រទេសអារ៉ាប់រួម កំពុងរៀបចំប្រគល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមួយចំនួនទៅឱ្យក្រុមតាលីបង់។
ក្រសួងការបរទេសពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប្រទេសអារ៉ាប់រួម ដែលជាដៃគូសន្តិសុខដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានព្រមព្រៀងក្នុងឆ្នាំ២០២១ ដើម្បីដាក់ឲ្យពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនពាន់នាក់ស្នាក់នៅបណ្តោះអាសន្ន ជាអ្នកដែលត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល ខណៈក្រុមតាលីបង់បានបណ្តេញរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃការដកទ័ពដឹកនាំដោយសហរដ្ឋអាមេរិក។ ពលរដ្ឋអាហ្វហ្គានីស្ថានជិត ២០០.០០០នាក់ត្រូវបាននាំយកទៅសហរដ្ឋអាមេរិក ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Joe Biden ចាប់តាំងពីការដកកងទ័ពអាមេរិកដ៏ច្របូកច្របល់ចេញពីទីក្រុងកាប៊ុល។