កាហ្សាក់ស្ថាន៖ សារព័ត៌មានបានរាយការណ៍កាលពីថ្ងៃអាទិត្យដោយយោងលើក្រសួងសុខាភិបាលថា មនុស្សជាង ១៥០នាក់បានស្លាប់ និងជិត ៦,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្រោយកុបកម្មដោយហិង្សានៅក្នុងប្រទេសដ៏ធំបំផុតនៅតំបន់អាស៊ីកណ្ដាលមួយនេះនៅសប្ដាហ៍នេះ។

ប្រទេសដែលសំបូរដោយថាមពលដែលមានប្រជាជនប្រមាណ ១៩លាននាក់ត្រូវបានញាំញីដោយភាពចលាចលរយៈពេល ១សប្ដាហ៍ ដោយមានជនបរទេសមួយចំនួនត្រូវបានឃុំខ្លួនជុំវិញភាពរំជើបរំជួលនេះ។ ចំនួនអ្នកស្លាប់ថ្មីដែលមិនអាចស្វែងរកការផ្ទៀងផ្ទាត់បាន បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង។ កាលពីកន្លងទៅក្រុមមន្ត្រីបាននិយាយថា ឧក្រិដ្ឋជនប្រដាប់អាវុធចំនួន ២៦នាក់បានស្លាប់ ហើយថា មន្ត្រីសន្តិសុខចំនួន ១៦នាក់បានស្លាប់ផងដែរ។ លោកប្រធានាធិបតីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សរុបមានមនុស្សចំនួន ៥,៨០០នាក់ត្រូវបានចាប់ខ្លួនយកទៅសាកសួរ។

សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា បន្ទាប់ពីលោកប្រធានាធិបតី Kassym-Jomart Tokayev រៀបចំជំនួបមួយដើម្បីដោះស្រាយវិបត្តិនេះស្ថានភាពនៅក្នុងតំបន់ទាំងអស់របស់ប្រទេសនេះមានភាពនឹងនរ ហើយកងកម្លាំងសន្តិសុខកំពុងបន្តធ្វើប្រតិបត្តិការបោសសម្អាត។ ការឡើងថ្លៃតម្លៃប្រេងបានបង្កឲ្យភាពរំជើបរំជួលដែលបានផ្ទុះឡើងកាលពី ១សប្ដាហ៍នៅក្នុងខេត្តមួយចំនួនភាគខាងលិច ប៉ុន្តែការតវ៉ា និងការបង្ក្រាបជាបន្តបន្ទាប់បានរាលដាលយ៉ាងឆាប់រហ័សដល់ទីក្រុងធំៗនានា រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម Almaty ជាទីដែលកុបកម្មនានាបានផ្ទុះឡើង ហើយនគរបាលបានបាញ់គ្រាប់ពិតដើម្បីបង្ក្រាប និងបំបែកក្បួនតវ៉ាទាំងនោះ៕
អត្ថបទ៖ សុខមាន