ទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជនអាហ្វ្រិកមួយពាន់លាននាក់ ត្រូវ ចំអិនដោយភ្លើងនៅកណ្តាលវាល ឬដោយប្រេងឥន្ធនៈដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានរបស់ពួកគេ។

បញ្ហា ដែលរបាយការណ៍របស់ទីភ្នាក់ងារនេះ បានលើកឡើងថា អាចត្រូវបានដោះស្រាយយ៉ាងងាយនោះ
បង្កឲ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនជារៀងរាល់ឆ្នាំ ដូចជាឧស្សាហកម្មអាកាសចរណ៍។
របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានរកឃើញថា មនុស្សចំនួន ២ ពាន់លាននាក់ នៅទូទាំងពិភពលោក នៅតែចម្អិនដោយភ្លើងនៅកណ្តាលវាល ឬដោយចង្ក្រានដុតអុស ធ្យូង កាកសំណល់កសិកម្ម ឬលាមកសត្វ។

ប្រធានទីភ្នាក់ងារ IEA លោក Fatih Birol បានប្រាប់សារព័ត៌មាន AFP ថា៖«នេះគឺជារឿងអយុត្តិធម៌ដ៏ធំបំផុតមួយ នៅសម័យរបស់យើង ជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក»។
របាយការណ៍ បានបញ្ជាក់ថា ប្រេងឥន្ធនៈទាំងនេះ បំពុលខ្យល់ទាំងក្នុងផ្ទះ និងខាងក្រៅ ជាមួយនឹងភាគ ល្អិតៗ ដែលជ្រាបចូលទៅក្នុងសួត ហើយបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម និងសរសៃឈាមបេះដូងច្រើន។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា មនុសស្លាប់នៅវ័យក្មេងចំនួន ៨១៥.000នាក់ កើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងទ្វីបអាហ្រ្វិកតែមួយ ដោយសារតែគុណភាពខ្យល់ក្នុងផ្ទះមិនល្អ ដែលភាគច្រើនបណ្តាលមកពីកង្វះលទ្ធភាពទទួលបានវិធីសាស្រ្តចម្អិនអាហារស្អាត។