ក្រុមអ្នកការទូតអឺរ៉ុបបាននិយាយថា ប្រទេសសមាជិកសហភាពអឺរ៉ុបកាន់តែច្រើន រួមទាំងអាល្លឺម៉ង់ កំពុងពិចារណាប្រើប្រាស់វិធានការតបត "ប្រឆាំងការបង្ខិតបង្ខំ" ដ៏ទូលំទូលាយ ដោយកំណត់គោលដៅលើសេវាកម្មនានារបស់សហរដ្ឋអាមេរិក ប្រសិនបើប្លុកនេះមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump បានទេនោះ។

វិធានការប្រឆាំងការបង្ខិតបង្ខំរបស់ប្លុកនេះ ហៅកាត់ថាជំហាន ACI បានចូលជាធរមានយូរមកហើយនៅចុងឆ្នាំ២០២៣ ប៉ុន្តែរហូតមកដល់ពេលនេះ មិនដែលត្រូវប្រើប្រាស់នោះទេ ព្រោះសមាជិកជាច្រើនមើលឃើញថានោះជា "ជម្រើសដាច់ណាត់" ខ្លាំងពេក ដែលមានន័យថាជាឆ័ត្រការពារខ្លួនដ៏ធំ។
វិធានការ ACI នេះអនុញ្ញាតឱ្យប្រជាជាតិប្លុកអឺរ៉ុបទាំង២៧ ធ្វើការសងសឹកប្រឆាំងនឹងប្រទេសទីបីទាំងឡាយណា ដែលដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសសមាជិកឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ និងផ្តល់នូវវិសាលភាពទូលំទូលាយសម្រាប់សកម្មភាពឆ្លើយតបជាច្រើនលើសពីការដាក់ពន្ធប្រឆាំងតប លើការនាំចេញរបស់អាមេរិក។ ACI មាន ១០ចំណុចនៃវិធានការដែលអាចប្រើប្រឆាំងនឹងការគំរាមកំហែងរបស់លោក Trump នៃពន្ធ ៣០% លើការនាំចូលរបស់អឺរ៉ុប ត្រឹមថ្ងៃទី០១ ខែសីហា ខាងមុខ។
ក្រៅពីពន្ធសងសឹកលើទំនិញអាមេរិក វិធានការ ACI ជាច្រើនក៏រួមមានការទប់ស្កាត់លើការនាំចូល ឬការនាំចេញទំនិញ ដូចជាតាមរយៈកូតា ឬអាជ្ញាប័ណ្ណជាដើម។ ប្លុកអឺរ៉ុបត្រូវបានគេសន្មត់ថានឹងជ្រើសរើសវិធានការណាដែលទំនងជាមានប្រសិទ្ធភាពបំផុតដើម្បីបញ្ឈប់អាកប្បកិរិយាបង្ខិតបង្ខំរបស់ប្រទេសទីបី ពោលគឺសហរដ្ឋអាមេរិក និងដើម្បីជួសជុលការខូចខាតរបស់ខ្លួនផ្ទាល់៕

