ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹង រៀបចំកិច្ចចរចាសន្តិភាពថ្មីនៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីការចរចា២ជុំកន្លងទៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី មានការរីកចម្រើនតិចតួចក្នុងការបញ្ចប់សង្រ្គាមរបស់ពួកគេ។

លោក Zelenskyy បាននិយាយក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃចន្ទថា ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនលោក Rustem Umerov អំពីការរៀបចំសម្រាប់ការផ្លាស់ប្តូរ និងកិច្ចប្រជុំមួយផ្សេងទៀតក្នុងប្រទេសទួរគីជាមួយភាគីរុស្ស៊ី។លោក Umerov បានរាយការណ៍ថាកិច្ចប្រជុំនេះ ត្រូវបានកំណត់ពេលនៅថ្ងៃពុធ។ព័ត៌មានលម្អិតបន្ថែមនឹងមាននៅថ្ងៃស្អែក។
មកទល់ពេលនេះ អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាពីរជុំនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ១៦ ឧសភានិងថ្ងៃទី២ ខែមិថុនា ដែលនាំឱ្យមានការដោះដូរឈ្លើយសឹករាប់ពាន់នាក់ និងសាកសពទាហានដែលបានស្លាប់។
ប៉ុន្តែភាគីទាំងពីរពុំបានឈានទៅរកបទឈប់បាញ់ ឬដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមជិតបីឆ្នាំកន្លះនោះទេ។
ចាប់តាំងពីការចរចាចុងក្រោយមក វិមានក្រឹមឡាំងបានចេញអនុស្សរណៈមួយដែលមានលក្ខខណ្ឌជាក់លាក់សម្រាប់បទឈប់បាញ់ រួមទាំងការបញ្ចូលតំបន់ចំនួនបួនបន្ថែមទៀតរបស់អ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ការរំសាយអាវុធ និងការគ្រប់គ្រងលើផ្នែកការទូតរបស់ខ្លួន។
អនុស្សរណៈខាងលើនោះ ក៏បង្ហាញពីបំណងប្រាថ្នារបស់រុស្ស៊ីក្នុងការគ្រប់គ្រងការបោះឆ្នោតរបស់អ៊ុយក្រែន និងគោលនយោបាយភាសា និងសាសនារបស់ប្រទេសនេះ ព្រមទាំងការពារការទាមទារសំណងសង្រ្គាមនាពេលអនាគត ផងដែរ៕


