លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីកន្លងទៅថ្មីៗនេះ ហើយរំពឹងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង ខណៈកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV News

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៨០គីឡូម៉ែត្រ បាត់ដំបង-បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅខេត្តបាត់ដំបង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង សម្រាប់តួនាទីជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវរខ្លាំងនូវជម្លោះផ្ទៃក្នុងរបស់ខ្លួននោះ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧មករាកន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបាន គឺថ្នាក់ដឹកនាំរបបយោធារបស់មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ទទួលយករាល់ជំនួយ សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានលើ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងលទ្ធផលជាច្រើនទៀត។
យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោលដៅតែ២គត់ដែលសំខាន់ គឺទី១ស្វែងរកការចរចារឲ្យមានការឈប់បាញ់ និងទី២ គឺដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះ ដោយសារការប្រឈមនឹងអត់អាហារជាដើមនោះ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៥ពីបាត់ដំបង-បន្ទាយមានជ័យនេះដែរ លោក មិកាមិ ម៉ាសាហីរ៉ូ ក៏បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់សម្តេងតេជោ ហ៊ុន សែន ដែលបានធ្វើការទប់ស្កាត់ នៃការរីករាលដាលនូវមេរោគកូវីដ១៩ បានដោយជោគជ័យរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈប្រទេសមួយចំនួនទៀតនៅលើពិភពលោកបានកំពុងផ្ទុះរីករាលយ៉ាងខ្លាំងនៅឡើយ ចំពោះមេរោគកូវីដ១៩នេះ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តងនោះ៕ អត្ថបទ៖ បាន ចក់

