ឡាវ ហ្វីលីពីន និងវៀតណាម ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Wipha បន្តបោកបក់ពាសពេញអាស៊ីអាគ្នេយ៍ ចាប់តាំងពីចុងសប្តាហ៍មុន ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការជម្លៀសមនុស្សរាប់ពាន់នាក់ផងដែរ។

ព្យុះត្រូពិក Wipha ត្រូវបានកំណត់ថានឹងឆ្លងកាត់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារ ២២ កក្កដានេះ ដោយមានទាហានជិត៣៥០.០០០នាក់ កំពុងរង់ត្រៀមលក្ខណៈស្របពេលទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់រហូតដល់ ៥០ សង់ទីម៉ែត្រដែលអាចបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី។
របាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសហ្វីលីពីនបានបង្ហាញនៅថ្ងៃអង្គារនេះថា មនុស្សប្រហែល ៨០០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយព្យុះត្រូពិកនេះ ខណៈមនុស្ស៥នាក់បានស្លាប់ និង ៧នាក់ទៀតបាត់ខ្លួន។
សាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល និងខេត្តជុំវិញត្រូវបានបិទ បន្ទាប់ពីភ្លៀងមួយយប់ ដែលបានមើលឃើញទឹកក្នុងទន្លេ Marikina របស់តំបន់នេះ ហក់ឡើងខ្ពស់ប្រៀបច្រាំង។
ការផ្គត់ផ្គង់ទឹក សេវានាវាចម្លង កំពង់ផែសមុទ្រ និងព្រលានយន្តហោះត្រូវបានរងផលប៉ះពាល់ដោយព្យុះទីហ្វុងដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដល់ផ្នែកជាច្រើននៃប្រទេសនេះ។
ព្យុះនេះ ក៏បានវាយប្រហារខេត្ត Hainan និង ខេត្តGuangdongភាគខាត្បូងរបស់ចិនផងដែរកាលពីថ្ងៃអាទិត្យដោយនាំមកនូវខ្យល់ខ្លាំង និងទឹកជំនន់ ក្រោយបោកបក់នៅកោះតៃវ៉ាន់ និងទីក្រុងហុងកុង៕

