យោងតាមសេចក្តីថ្លែងការណ៍រួមដោយមេដឹកនាំដែលចូលរួមកិច្ចប្រជុំបាននិយាយថា វិបត្តិអាកាសធាតុ បញ្ញាសិប្បនិមិត្ត(AI) សន្តិភាពពិភពលោក និងការបន្តនៃពហុភាគីនិយម គឺជាបញ្ហាសំខាន់ៗដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល «លទ្ធិប្រជាធិបតេយ្យជារៀងរហូត» ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី ២១ ខែកក្កដា នៅវិមាន La Moneda ក្នុងទីក្រុង Santiago ប្រទេសឈីលី។

ប្រធានាធិបតីប្រេស៊ីល លោកLuiz Inacio Lula da Silva លោកYamandu Orsi ប្រធានាធិបតីអ៊ុយរ៉ាហ្គាយ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានមកចូលរួមជាមួយប្រធានាធិបតីឈីលី លោក Gabriel Boric សម្រាប់ការជួបប្រជុំកម្រិតខ្ពស់។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មេដឹកនាំទាំងអស់បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមប្រទេសរីកចម្រើន ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេបានពិពណ៌នាថាជា «កម្លាំងអន្តរជាតិប្រតិកម្ម» ក្នុងពេលមានការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័នពិភពលោក។
លោកប្រធានាធិបតី Boric បាននិយាយថា មេដឹកនាំបន្ថែមទៀតកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើម ដែលនឹងកោះប្រជុំឡើងវិញនៅខែកញ្ញាក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកបានដាក់ឈ្មោះប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum លោកXiomara Castro របស់ប្រទេសហុងឌុយរ៉ាស និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក្នុងចំណោមអ្នកដែលត្រូវបានរំពឹងថានឹងចូលរួម។
